(ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ ប្រទេសវៀតណាម នៅថ្ងៃសៅរ៍នេះបានប្រកាសឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៦២នាក់ហើយ ខណៈមនុស្ស ០៥នាក់ទៀតនៅតែបន្តបាត់ខ្លួន ព្រមទាំងចំការដំណាំជាច្រើនហិកតាត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កទៅជាគ្រោះទឹកជំនន់ នៅតែបន្តអូសបន្លាយជាច្រើនថ្ងៃមកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសោរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។
អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ភាគច្រើនត្រូវបានទឹកកួចយកទៅបណ្តាលឲ្យលង់ស្លាប់ ស្ថិតនៅក្នុងបណ្តាខេត្តភាគកណ្តាលមានដូចជា ក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien-Hue) និងក្វាងណាម (Quang Nam)។ បន្ថែមពីនេះផ្ទៃដីដំណាំប្រមាណជាង ២៣៣,៨០០ហិកតាត្រូវបានទឹកជំនន់បំផ្លិចបំផ្លាញ ខណៈសត្វពាហនៈជាង ៤៦១,៦០០ក្បាលបានងាប់។
គួរបញ្ជាក់ថា ព្យុះត្រូពិកបានវាយប្រហារនៅភាគខាងជើង និងភាគកណ្តាលប្រទេស តាំងតែពីថ្ងៃពុធសប្តាហ៍នេះមកម្ល៉េះ។ យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបាន និងកំពុងវាយប្រហារនៅតំបន់ខ្ពង់រាប និងភាគកណ្តាលនៃប្រទេសម្តងទៀត ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ហើយអាចបន្តរហូតដល់ថ្ងៃទី២១ ខែតុលាឯណោះ។ អាជ្ញាធរជាតិវៀតណាមបានវាយតម្លៃថា គ្រោះមហន្តរាយនានាជាពិសេសខ្យល់កួច, ទឹកជំនន់, ការរអិលបាក់ដី និងជំនន់ទឹកភ្លៀងបានបង្កការខាតបង់ដល់សេដ្ឋកិច្ចប្រមាណ ៥ទ្រីលានដុង (ប្រហែលជាង ២១៧លានដុល្លារអាមេរិក)៕