(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ស៊ូដង់នឹងត្រូវបានដកចេញពី «បញ្ជីឈ្មោះនៃរដ្ឋគាំទ្រភេរវករ» ក្រោយប្រទេសអាហ្វ្រិកមួយនេះ យល់ព្រមបង់ប្រាក់សំណងជាង ៣៣៥លានដុល្លារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។
បើតាមលោក ដូណាល់ ត្រាំ សំណងខាងលើគឺមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារបំផ្ទុះគ្រាប់បែករបស់ក្រុមអាល់កៃ ប្រឆាំងនឹងស្ថានទូតអាមេរិកកាលពីឆ្នាំ១៩៩៨ ក្នុងតំបន់អាហ្វ្រិក ជាពិសេសគឺការវាយប្រហារនៅក្នុងប្រទេសតង់ហ្សានី និងកេនយ៉ា ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ២២០នាក់។ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់បន្ថែមថា «ប្រាក់សំណងទាំងនេះ នឹងត្រូវផ្ដល់ជូនជនរងគ្រោះ និងគ្រួសារសាច់ញាតិជនរងគ្រោះជាពលរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ស៊ូដង់ត្រូវបានសហរដ្ឋអាមេរិក បញ្ចូលទៅក្នុងបញ្ជីឈ្មោះនៃរដ្ឋគាំទ្រភេរវករ កាលពីឆ្នាំ១៩៩៣ ក្រោមការដឹកនាំនៃអតីតប្រធានាធិបតី លោក អូម៉ា អាល់បាហ្សឺ (Omar al-Bashir) ដែលមានទំនាក់ទំនងជាមួយអតីតមេភេវករអាល់កៃដា អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden)។ បញ្ជីខ្មៅនេះបានធ្វើឱ្យសេដ្ឋកិច្ចស៊ូដង់ខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែក្រុមហ៊ុន និងអ្នកវិយោគអន្តរជាតិ មិនហ៊ានបោះទុនរកស៊ីក្នុងប្រទេសមួយនេះ ដោយសារខ្លាចជាប់ទណ្ឌកម្មអាមេរិក។ ប៉ុន្តែទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងស៊ូដង់ បានចាប់ផ្ដើមល្អប្រសើរឡើងវិញ ក្រោយលោក Omar al-Bashir ត្រូវបានធ្វើរដ្ឋប្រហារបណ្ដេញចេញអំណាចកាលពីឆ្នាំ២០១៩៕