(ហាណូយ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) និងសមភាគីវៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានយល់ព្រមធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីដោះស្រាយបញ្ហានៅក្នុងតំបន់ ក្នុងនោះរួមមានទាំងបញ្ហានៅសមុទ្រចិនខាងត្បូង ជាទីដែលចិនកំពុងពង្រីកឥទ្ធិពល និងបង្កើនសកម្មភាពយោធារឹតតែខ្លាំង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Japantimes នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។
ក្រោយបញ្ចប់កិច្ចប្រជុំជាមួយលោក Phuc ក្នុងរដ្ឋធានីហាណូយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក Suga បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកចាត់ទុកវៀតណាមជាមូលដ្នានដ៏រឹងមាំ សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវសេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនាយករដ្ឋមន្ត្រីជប៉ុន ដែលទើបឡើងកាន់តែតំណែងថ្មីថ្មោងរូបនេះបានសន្យាថា ប្រទេសលោកនឹងបន្តចូលរួមចំណែក ដើម្បីរក្សាសន្តិភាព និងបង្កើតភាពរុងរឿងក្នុងតំបន់។
លោក Suga ដែលកំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ច នៅក្រៅប្រទេសជាលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ទៀតថា ប្រទេសទាំងពីរបានឯកភាពលើ កិច្ចព្រមព្រៀងយោធាមួយ ដែលនឹងអនុញ្ញាតឱ្យជប៉ុននាំចេញបរិក្ខាយោធា និងបច្ចេកវិទ្យា ក្នុងនោះរួមមានទាំងយន្ដហោះល្បាត និងប្រព័ន្ធរ៉ាដាទៅកាន់ប្រទេសវៀតណាម។ បរិក្ខាទាំងនេះអាចនឹងជួយបង្កើនសមត្ថភាពវៀតណាម ក្នុងការដឹកនាំប្រតិបត្តិការល្បាត នៅក្នុងតំបន់ជម្លោះដែនទឹកជាមួយចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង។
គួរជម្រាបថា ក្រៅពីទំនាក់ទំនងការពារជាតិ លោកនាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide ក៏បានចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច, ថាមពល និងសុខាភិបាល ហើយថែមទាំងបានសន្យាផ្ដល់ជំនួយដល់វៀតណាម ដែលកំពុងរងគ្រោះដោយទឹកជំនន់ទៀតផង។ លោក Suga បានរៀបចំចាកចេញពីប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ ដើម្បីបន្តបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌូណេស៊ី៕