(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ នេះ បានជំរុញឲ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវសកម្មភាពរើសអើងប្រឆាំងនឹងនិស្សិតចិន ដែលកំពុងបន្តការសិក្សានៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
លោក Zhao Lijian បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅថ្ងៃពុធនេះ។ នាឱកាសនោះ លោកបានលើកឡើងថា ពេលខ្លះសហរដ្ឋអាមេរិកបានរំលោភលើច្បាប់ ដើម្បីបង្កការរំខានដល់ក្រុមនិស្សិតចិន តាមរយៈការសួរចម្លើយ ខណៈដែលនិស្សិតខ្លះទៀតត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ដែលមិនសមហេតុផលទាល់តែសោះ។
អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា និស្សិតចិនជាច្រើននាក់ត្រូវបានរងការយាយី ពីសំណាក់អាជ្ញាធរអនុវត្តច្បាប់របស់អាមេរិក នៅឯអាកាសយានដ្ឋាន។ ទូរស័ព្ទដៃ កុំព្យូទ័រ និងរបស់របរផ្សេងទៀតរបស់ពួកគេ ត្រូវបានឆែកឆេរតាមតែអំពើចិត្ត ហើយពេលខ្លះថែមទាំងត្រូវបានរឹបអូសទៀតផង។ លោក Zhao Lijian បានគូសបញ្ជាក់ថា គិតត្រឹមខែឧសភា ដល់ខែកញ្ញាឆ្នាំនេះ មាននិស្សិតចិនប្រមាណ ៣០០នាក់ បានរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរអាមេរិក នៅពេលដែលពួកគេធ្វើដំណើរតាមជើងហោះហើរបណ្តោះអាសន្ន នៅសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ លោក Zhao Lijian អះអាងថា សកម្មភាពរើសអើងរបស់សហរដ្ឋអាមេរិកបែបនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់និស្សិតចិននៅសហរដ្ឋអាមេរិក ព្រមទាំងធ្វើឲ្យអន្តរាយដល់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាកិច្ចសហប្រតិបត្តិការអប់រំ រវាងប្រទេសទាំងពីរ៕