(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានរាយការណ៍ឱ្យដឹងថា ចំនួនអ្នកជំងឺ COVID-19 ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យអាមេរិក បានកើនដល់ជាង ៤០,០០០នាក់ជាលើកដំបូង គិតចាប់តាំងពីខែសីហាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។
អ្នកជំងឺ COVID-19 ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យអាមេរិកបានកើនដល់ ៤០,២៦៤នាក់ហើយ ដែលជាការកើនឡើង ៣៦ភាគរយឯណោះ នៅក្នុងរយៈពេល 0៤សប្តាហ៍កន្លងមកនេះ ខណៈមន្ទីរពេទ្យនៅឯតំបន់ភាគកណ្ដាលឈៀងខាងជើង (Midwest) នៃសហរដ្ឋអាមេរិកបាន និងកំពុងកត់ត្រានូវករណីឆ្លងថ្មីៗយ៉ាងគំហុកជារៀងរាល់ថ្ងៃ។
រហូតមកដល់ពេលនេះរដ្ឋចំនួន ១៦នៅក្នុងតំបន់ Midwest នៃសហរដ្ឋអាមេរិករួមមានរដ្ឋ អ៉ីយ៉ូវ៉ា (Iowa), កាន់សាស់ (Kansas), មីសសួរី (Missouri), ណេប្រាស្កា (Nebraska), ណតស៍ដាកូតា (North Dakota), សោតស៍ដាកូតា (South Dakota), និង វីសខុនសិន (Wisconsin) បានរាយការណ៍ពីអ្នកជំងឺ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតដែលត្រូវបានកត់ត្រា និងបានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យរបស់ខ្លួន ចាប់តាំងពីមានការឆ្លងរាតត្បាតនៃ COVID-19 នេះមកម្ល៉េះ។ មន្ទីរពេទ្យដែលផ្ទុកអ្នកជំងឺ COVID-19 បានបង្កើតកំណត់ត្រានៅគ្រប់តំបន់ លើកលែងតែរដ្ឋភាគឦសាន្តតែប៉ុណ្ណោះ។ មន្ទីរពេទ្យគឺជាកន្លែងដែលត្រូវបានគេឃ្លាំមើលយ៉ាងតឹងរ៉ឹង ព្រោះវាមិនមានសុវត្ថិភាព ដោយគ្រាន់តែពឹងផ្អែកលើការធ្វើតេស្តតែមួយមុខនោះទេ។
ជុំវិញបញ្ហាខាងលើនេះ អភិបាលរដ្ឋ Wisconsin លោក ថូនី អេវើស៍ (Tony Evers) បានណែនាំថា «ប្រជាជនទាំងអស់សូមស្នាក់នៅផ្ទះ ដើម្បីការពារសហគមន៍របស់យើងពីការឆ្លងរាលដាលនៃជំងឺ COVID-19 និងចៀសវាងកុំឱ្យមានបញ្ហានៅមន្ទីរពេទ្យរបស់យើងផងដែរ»។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០នេះតែម្តង ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកគឺជាង ៨,៥៨៤,៨០០ករណី ក្នុងនោះស្លាប់ជាង ២២៧,៤០០នាក់ និងជាសះស្បើយឡើងវិញជាង ៥,៦០២,០០០នាក់៕