(ហ្សឺណែវ)៖ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការសុខភាពពិភពលោក WHO លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បាននិយាយថា ក្រុមមន្ត្រីសុខាភិបាលដែលកំពុងពិនិត្យថ្នាំព្យាបាល COVID-19 រ៉េមដេស៊ីវា (remdesivir) របស់ក្រុមហ៊ុនអាមេរិក ជីលីដ (Gilead) គួរតែពិចារណាឡើងវិញលើភស្តុតាងទាំងអស់ ក្នុងនោះរួមមានទាំងការធ្វើតេស្ដមួយ ដែលបានបង្ហាញពីការបរាជ័យនៃថ្នាំមួយនេះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។
លោកស្រី Swaminathan បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អាជ្ញាធរនិយ័តករអាមេរិក ទំនងជាមិនបានពិនិត្យឡើងវិញលើថ្នាំ remdesivir នោះទេ មុននឹងអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំនេះសម្រាប់ព្យាបាល COVID-19 នៅក្នុងសប្ដាហ៍នេះ។ លោកស្រី Swaminathan បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «យើងជឿជាក់ លើលទ្ធផលសិក្សាស្រាវជ្រាវរបស់យើងថា មានភាពរឹងមាំ... ហើយយើងសង្ឃឹមថា អាជ្ញាធរនិយ័តករនៅទូទាំងពិភពលោក នឹងយកចិត្តទុកដាក់ ចំពោះការសិក្សាស្រាវជ្រាវរបស់យើង»។
គួរជម្រាបថា ការសិក្សាស្រាវជ្រាវថ្មីមួយរបស់ អង្គការសុខភាពពិភពលោក (WHO) បានរកឃើញថា ថ្នាំប្រឆាំងវីរុស រ៉េមដេស៊ីវា (Remdesivir) របស់ក្រុមហ៊ុនអាមេរិក ជីលីដ (Gilead Sciences) មិនអាចកាត់បន្ថយរយៈពេលនៃព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ ឬក៏បង្កើនឱកាសខ្ពស់ក្នុងការរក្សាជីវិតអ្នកជំងឺឆ្លង COVID-19 ជាងថ្នាំព្យាបាលដទៃៗទៀតនោះឡើយ។ ប៉ុន្តែរដ្ឋបាលចំណីអាហរ និងឱសថអាមេរិក ដែលបានអនុម័តឱ្យប្រើប្រាស់ថ្នាំនេះសម្រាប់ព្យាបាល COVID-19 កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅមិនទាន់អត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកស្រី Soumya Swaminathan នោះទេ៕