(ផ្ល័ររីដា)៖ ចំពោះមុខក្រុមអ្នកគាំទ្រនៅក្នុងរដ្ឋផ្ល័ររីដា (Florida) ដែលជាទឹកដីកំណើតរបស់ខ្លួននោះ លោក ដូណាល់ ត្រាំ បានថ្លែងថា ជំងឺរាតត្បាតសកល COVID-19 នឹងរលាយនៅក្នុងពេលឆាប់ៗ ខណៈប្រធានាធិបតីអាមេរិករូបនេះ ក៏បានវាយបកទៅលោក ចូ បៃដិន វិញផងដែរថា គូប្រជែងតំណែងប្រធានាធិបតីរូបនេះ បានបំប៉ោងព័ត៌មានអំពីវិបត្តិ COVID-19 ដើម្បីបំភ័យពលរដ្ឋអាមេរិក ឲ្យបោះឆ្នោតជូនខ្លួនតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។
ជំងឺរាតត្បាតសកលោក COVID-19 ដែលបានផ្តាច់ជីវិតមនុស្សជាង ២២៤,០០០នាក់រួចមកហើយ នៅទូទាំងសហរដ្ឋអាមេរិក កំពុងក្លាយជាប្រធានបទកាន់តែក្តៅគគុកឡើងៗ សម្រាប់បេក្ខជនប្រធានាធិបតីទាំងពីរ ធ្វើការវាយប្រហារ និងដោះសារដាក់គ្នា ខណៈលោក ចូ បៃដិន កន្លងមកនេះបានចាត់ទុកថា លោក ដូណាល់ ត្រាំ បានទទួលបរាជ័យរួចទៅហើយ ក្នុងការអនុវត្តវិធានការដោះស្រាយវិបត្តិ ដែលបានបង្កឲ្យសហរដ្ឋអាមេរិក មានមនុស្សស្លាប់ច្រើនជាងគេបំផុតលើលោក ខណៈលោក ត្រាំ វិញបានបន្តការពារអ្វីដែលលោកបានធ្វើកន្លងមកថា ប្រសិនបើបច្ចុប្បន្នប្រធានាធិបតីអាមេរិក មិនមែនជារូបលោកទេនោះ ពលរដ្ឋអាមេរិកាំងរហូតរាប់លាននាក់ឯណោះ នឹងត្រូវស្លាប់ដោយសារ COVID-19។
គួរបញ្ជាក់ថា នៅក្នុងយុទ្ធនាការឃោសនានៅរដ្ឋ Florida ដែលត្រូវបានចាត់ទុកជារដ្ឋមានសំឡេងគាំទ្រ ប្រកៀកប្រកិតរវាងបេក្ខជនប្រធានាធិបតីទាំងពីររូប លោក ត្រាំ បានលើកឡើងថា «សហរដ្ឋអាមេរិកកំពុងឈានចូលរដូវរងាដ៏ខ្មៅងងឹត។ យើងនឹងឈានទៅបិទបញ្ចប់ ជំងឺរាតត្បាតសកលនេះក្នុងពេលឆាប់ៗ»។ ដោយឡែកលោក បៃដិន វិញបានសន្យាថា នៅអំឡុងការឡើងកាន់តំណែងរបស់លោកតែ ១០ថ្ងៃប៉ុណ្ណោះ លោកនឹងអនុម័តកញ្ចប់ថវិកា ដើម្បីដោះស្រាយវិបត្តិ COVID-19 ហើយលោកនឹងមិនបិទសេដ្ឋកិច្ច ឬបិទប្រទេសនោះឡើយ ប៉ុន្តែលោកនឹងកម្ចាត់វីរុសនេះចោលឲ្យខាងតែបាន៕