(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO បាននិយាយថា បច្ចុប្បន្នពិភពលោកទាំងមូល កំពុងស្ថិតនៅក្នុងដំណាក់កាលមួយដ៏សំខាន់ នៃការឆ្លងរាតត្បាត COVID-19 ដោយប្រទេសខ្លះកំពុងស្ថិតនៅលើជំហានដ៏គ្រោះថ្នាក់ នោះគឺការដួលរលំប្រព័ន្ធសុខាភិបាល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។
លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ធ្វើការកត់សម្គាល់ខាងលើ ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក Tedros បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងស្ថិតក្នុងដំណាក់កាលមួយដ៏សំខាន់ នៃការឆ្លងរាតត្បាត COVID-19 ជាពិសេសនៅអឌ្ឍគោលខាងជើង... ហើយនៅប៉ុន្មានខែខាងមុខទៀតនេះ អាចនឹងក្លាយជាពេលកាន់តែពិបាក ដោយមានប្រទេសខ្លះអាចប្រឈមមុខ នឹងការដួលរលំប្រព័ន្ធសុខាភិបាល»។
គួរជម្រាបថា ដើម្បីដោះស្រាយបញ្ហាទាំងឡាយ លោក Tedros បានជំរុញឱ្យមេដឹកនាំទាំងអស់ ធ្វើសកម្មភាពរួមគ្នាជាបន្ទាន់ សំដៅទប់ស្កាត់ការស្លាប់, ការដួលរលំប្រព័ន្ធសុខាភិបាល និងការបិទសាលារៀនជាថ្មីជាដើម។ ការលើកឡើងរបស់ប្រធាន WHO រូបនេះបានកើតមានឡើង បន្ទាប់ពីប្រទេសកាន់តែច្រើនឡើង ជាពិសេសនៅអាស៊ីខាងត្បូង អឺរ៉ុប និងអាមេរិក បានរាយការណ៍អំពីការខ្វះខាតមន្ទីរពេទ្យ ចំពោះមុខការកើនឡើងនៃចំនួនអ្នកឆ្លង COVID-19៕