(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នៅសប្តាហ៍ក្រោយ ដើម្បីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ ជាមួយប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលកំពុងជាប់គាំងនៅក្នុងជម្លោះព្រំដែនជាមួយប្រទេសចិន ខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ដើម្បីប្រឆាំងនឹងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។
ជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រឆាំងនឹងមហាអំណាចសេដ្ឋកិច្ច និងយោធារបស់ចិននៅក្នុងតំបន់ លោក Pompeo ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កា និងកោះម៉ាល់ឌីវ ជាប្រទេសដែនកោះស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដែលកំពុងជាប់គាំងជាមួយនឹងបញ្ហាបំណុលចិន តាមរយៈការផ្តល់ហិរញ្ញប្បទាន លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ លោក Pompeo នឹងបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសឥណ្ឌូណេស៊ី ដែលកំពុងមានជម្លោះជាមួយចិននៅក្នុងសមុទ្រចិនខាងត្បូង មួយសប្តាហ៍មុនការបោះឆ្នោត ប្រធានាធិបតីនៅអាមេរិក។
ជុំវិញបញ្ហាខាងលើនេះ លោក ឌីន ថមសុន (Dean Thompson) អនុរដ្ឋលេខាធិការនៃការិយាល័យកិច្ចការអាស៊ីខាងត្បូង និងអាស៊ីកណ្តាលរបស់ក្រសួងការបរទេសអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា យើងចង់ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូរបស់យើង ដោយសង្កត់ធ្ងន់លើការរក្សាស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជម្រុញទស្សនវិស័យរបស់យើង សម្រាប់ភាពជាដៃគូយូរអង្វែង និងវិបុលភាពនៅក្នុងតំបន់។
រដ្ឋាភិបាលលោក ត្រាំ ត្រូវបានគេមើលឃើញថា កំពុងដាក់សម្ពាធការទូតបន្ថែមទៅលើទីក្រុងប៉េកាំង ដែលជាផ្នែកសំខាន់នៃយុទ្ធនាការរបស់លោក ដើម្បីឈ្នះឆ្នោតសម្រាប់អាណត្តិទី២។ ជាក់ស្តែងកាលពីដើមខែតុលា លោក Pompeo បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរួមមាន ឥណ្ឌា ជប៉ុន និងអូស្រ្តាលី នៅទីក្រុងតូក្យូ ដែលជាក្រុមមួយដែលត្រូវបានគេមើលឃើញថា ជាកម្លាំងប្រឆាំងនឹងការកើនឡើងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅក្នុងខែវិច្ឆកាខាងមុខ ប្រទេសឥណ្ឌានឹងធ្វើសមយុទ្ធកងនាវាទ្រង់ទ្រាយធំ ដោយមានការចូលរួមពីសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ខណៈដែលប្រទេសចិនបានហៅ សកម្មភាពរបស់អាមេរិកនៅក្នុងតំបន់ថា ជាការបង្ករឿង និងចង់បង្ហាញពីគំនិតបែបសង្គ្រាមត្រជាក់។
មន្ត្រីឥណ្ឌាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលោក Pompeo នឹងមកជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អ៉ីស្ពើ (Mark Esper) ហើយប្រទេសឥណ្ឌារំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា ដែលអនុញ្ញាតឲ្យខ្លួនប្រើប្រាស់នូវទិន្នន័យផ្កាយរណបរបស់អាមេរិក ដើម្បីពង្រឹងសមត្ថភាពនៃការកំណត់គោលដៅមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ ដោយឡែកសម្រាប់ប្រទេសស្រីលង្កាវិញ លោក Pompeo នឹងជម្រុញឲ្យរដ្ឋាភិបាលកាត់បន្ថយ ការពឹងផ្អែកលើប្រទេសចិន ដែលបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីសាងសង់កំពង់ផែ និងផ្លូវហាយវ៉េ ប៉ុន្តែបានធ្វើឲ្យប្រទេសដែនកោះមួយនេះ ជាប់ជំពាក់បំណុលដ៏ច្រើនសម្បើម។
លោក Thompson បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងរបស់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយទសវត្សរ៍ នឹងបង្ហាញការគាំទ្រដ៏រឹងមាំចំពោះប្រទេសស្រីលង្កា។ មន្ត្រីអាមេរិករូបនេះបានន្ថែមទៀតថា អាមេរិកនឹងជំរុញឲ្យប្រទេសស្រីលង្កាធ្វើការសម្រេចចិត្តដ៏លំបាក ប៉ុន្តែចាំបាច់ដើម្បីធានាបាននូវឯករាជ្យភាពសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់វិបុលភាពយូរអង្វែង។ ប្រទេសដែនកោះមួយនេះគឺជាផ្នែកមួយដ៏សំខាន់ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប៉ុន្តែរដ្ឋាភិបាលស្រីសង្កាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រឹងទំនាក់ទំនងជាមួយនឹងឥណ្ឌា សហរដ្ឋអាមេរិក និងជប៉ុន។ កិច្ចប្រឹងប្រែងស្រដៀងគ្នានេះនឹងធ្វើឡើងនៅកោះម៉ាល់ឌីវ ដែលជាដែនកោះត្រូពិកមួយ ស្ថិតនៅលើផ្លូវដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់។
គួរបញ្ជាក់ថា កិច្ចពិភាក្សាដែលរំពឹងទុកនៅក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខ រួមមានការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក៏ដូចជាកិច្ចសហប្រតិបត្តិការ ដែលកំពុងបន្តនិងនាពេលអនាគត។ ចំពោះដំណើរទស្សនកិច្ចរបស់លោក Pompeo ទៅកាន់ប្រទេសឥណ្ឌូណេស៊ីកាលពីពេលកន្លងទៅ ធ្វើឡើងចំពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកំពុងតែកើនឡើងខ្លាំង នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅសមុទ្រចិនខាងត្បូងដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួនស្ទើរតែទាំងស្រុង ខណៈដែលរដ្ឋជាច្រើនក្នុងតំបន់ បានជំទាស់រួមទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ៕