(ម៉ូស្គូ)៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បានបង្ហាញក្ដីព្រួយបារម្ភចំពោះការប៉ុនប៉ង នៃបណ្ដាប្រទេសមួយចំនួន ដែលចង់បំផ្លាញតួនាទីរបស់អង្គការសហប្រជាជាតិ (UN) តាមរយៈការបង្កើតឡើងនូវអ្វីដែលពួកគេហៅថា «ក្លឹបប្រទេសប្រជាធិបតេយ្យ» ដើម្បីជំនួសស្ថាប័នកំពូលមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។
លោក Dmitry Medvedev បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងអត្ថបទព័ត៌មានមានចំណងជើងថា ខួបកំណើតលើកទី ៧៥ របស់អង្គការសហប្រជាជាតិ៖ បញ្ហាចាស់, បញ្ហាប្រឈមថ្មី, និងដំណោះស្រាយសកល ចេញផ្សាយនៅលើគេហទំព័រព័ត៌មាន RT ផងដែរនៅថ្ងៃសៅរ៍នេះ។ លោក Medvedev បានគូសបញ្ជាក់ដូច្នេះថា «ការប៉ុនប៉ងបំផ្លាញតួនាទីរបស់អង្គការសហប្រជាជាតិ UN ហើយបង្កើតក្លឹបប្រទេសប្រជាធិបតេយ្យមកជំនួស គឺជាក្ដីកង្វល់មួយដ៏ធំ។ គំនិតបែបនេះមិនអាចធ្វើឱ្យមានសាមគ្គីភាពឡើយ តែផ្ទុយទៅវិញវាមានតែបង្កឲ្យមានការបែកបាក់គ្នា, ធ្វើឱ្យស្ថានភាពសកលលោកតានតឹង និងនាំទៅរកការប្រឈមមុខដាក់គ្នាតែប៉ុណ្ណោះ»។
អតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះបានបន្ថែមទៀតថា យន្ដការជាច្រើន ដែលមានចែងនៅក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ អាចបង្ការកុំឱ្យសង្រ្គាមលោកលើកទី ៣ ផ្ទុះឡើងបាន។ គំនិតនៃការកាត់បន្ថយតួនាទី UN ដែលគេមើលឃើញតាមរយៈទង្វើរបស់ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នោះគឺត្រូវបានក្រុមអ្នកជំនាញអន្តរជាតិធ្លាប់សង្ស័យ និងលើកឡើងរួចមកហើយ ជាពិសេសនៅក្រោយពេលលោក ត្រាំ បានប្រកាសផ្អាកជំនួយទៅ អង្គការសុខភាពពិភពលោក (WHO) និងការព្យាយាមកៀរគរសមាជិក UN ឲ្យបន្តសុពលភាពទណ្ឌកម្មអាវុធលើអ៉ីរ៉ង់ តែគ្មានប្រទេសណាព្រមដើរតាម។
គួរជម្រាបថា លោក Dmitry Medvedev មិនបានបញ្ជាក់លម្អិត ឬពីឈ្មោះចំៗថា តើប្រទេសណាខ្លះដែលកំពុងព្យាយាមបង្កើត «ក្លឹបប្រទេសប្រជាធិបតេយ្យ» ដើម្បីជំនួសអង្គការសហប្រជាជាតិឡើយ តែគេដឹងថាលោកប្រហែលចង់សំដៅលើសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបដែលលោកផ្ទាល់បានចោទថា បាននិងកំពុងដាក់ពង្រាយមីស៊ីលនៅក្នុងតំបន់អឺរ៉ុប ជាពិសេសនៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើត ជាប់ព្រំដែនជាមួយរុស្ស៊ី៕