(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋាភិបាលថៃ និងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ហាក់ដូចជាមិនអាចដោះស្រាយពីភាពខ្វែងគំនិតគ្នា នៅឡើយទេនៅថ្ងៃសៅរ៍នេះ ខណៈពេលវេលាដែល ក្រុមបាតុករ កំណត់ឲ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងនឹងចូលមកដល់នៅល្ងាចនេះ។
២៖ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក ចូណាថាន់ រ៉ាត ហូហ្វមែន (Jonathan Rath Hoffman) បានឲ្យដឹងថាការធ្វើតេស្តសាកល្បងលើប្រព័ន្ធមីស៊ីល ការពារដែនអាកាស S-400 របស់ប្រទេសតួកគី អាចនឹងមានផលវិបាកកាន់តែធ្ងន់ធ្ងរ ដល់ទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា (Ankara) និងទីក្រុងវ៉ាស៊ីនតោន។
៣៖ ក្រៅពីការរិះគន់ឥតឈប់ឈរលើលោក ដូណាល់ ត្រាំ អំពីភាពបរាជ័យក្នុងការគ្រប់គ្រងវិបត្តិ COVID-19 បេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ក៏បានបោះជំហ៊ានថ្មីមួយទៀតដែរក្នុងការឃោសនា នោះគឺលោកបានសន្យាថា នឹងចែកវ៉ាក់សាំង COVID-19 ជូនប្រជាជនអាមេរិកទាំងអស់តែម្តង «ដោយមិនគិតថ្លៃ» ឬភាសាអង់គ្លេសហៅថា «Free» នោះ។
៤៖ កាសែតរដ្ឋ រ៉ូដុងស៊ីនម៉ាន់ (Rodong Sinmun) របស់ប្រទេសកូរ៉េខាងជើង បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះថា ធូលីដីនៅរដូវរំហើយ ដែលហុយពីប្រទេសចិន ចូលមកប្រទេសកូរ៉េខាងជើង អាចមានផ្ទុកវីរុសកូរ៉ូណា (COVID-19) ដូច្នេះប្រជាជនទាំងអស់ត្រូវបានណែនាំ ឲ្យព្យាយាមស្នាក់នៅក្នុងផ្ទះដើម្បីសុវត្ថិភាព។
៥៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ឆ្លង COVID-19 នៅថ្ងៃសៅរ៍នេះ។
៦៖ ចំពោះមុខក្រុមអ្នកគាំទ្រនៅក្នុងរដ្ឋផ្ល័ររីដា (Florida) ដែលជាទឹកដីកំណើតរបស់ខ្លួននោះ លោក ដូណាល់ ត្រាំ បានថ្លែងថា ជំងឺរាតត្បាតសកល COVID-19 នឹងរលាយនៅក្នុងពេលឆាប់ៗ ខណៈប្រធានាធិបតីអាមេរិករូបនេះ ក៏បានវាយបកទៅលោក ចូ បៃដិន វិញផងដែរថា គូប្រជែងតំណែងប្រធានាធិបតីរូបនេះ បានបំប៉ោងព័ត៌មានអំពីវិបត្តិ COVID-19 ដើម្បីបំភ័យពលរដ្ឋអាមេរិក ឲ្យបោះឆ្នោតជូនខ្លួនតែប៉ុណ្ណោះ៕