(វ៉ាស៊ីនតោន)៖ ការស្ទង់មតិជាច្រើន សុទ្ធតែបង្ហាញថាបេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងនាំមុខលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយមានឱកាសខ្ពស់ ជាប់ឆ្នោតជាប្រធានាធិបតី នៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ។ កាលពីឆ្នាំ២០១៦ ការស្ទង់មតិដូចគ្នានេះក៏បានបង្ហាញថា លោក ត្រាំ នឹងចាញ់លោកស្រី ហ៊ីលឡារី គ្លីនតុនដែរ តែចុងក្រោយអ្នកអង្គុយកៅអីសេតវិមានបែរជាលោក ត្រាំ ទៅវិញ។ នៅសហរដ្ឋអាមេរិក ការស្ទង់មតិ មិនមែនកំណត់ អ្នកឈ្នះ-ចាញ់ ឡើយ ហើយប្រជាជនអាមេរិកក៏មិនមែនជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នោះដែរ តែអ្នកបោះឆ្នោតតំណាងទៅវិញទេ ដែលជាអ្នកសម្រេចថាតើរវាង លោក ត្រាំ ឬលោក បៃដិន នរណាជាអ្នកឈ្នះ។
ដូច្នេះការនិយាយថាលោក ដូណាល់ ត្រាំ នឹងបរាជ័យវាហាក់ដូចជាលឿនពេក។ ក៏ប៉ុន្តែ បើសិនជាលោកបរាជ័យពិតមែន នោះមិនមែនមានតែលោក ត្រាំ ម្នាក់ឯងនោះទេ ដែលបរាជ័យ ពោលគឺមេដឹកនាំពិភពលោកមួយចំនួន ក៏ប្រហែលជាត្រូវប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរដែរ។ មេដឹកនាំទាំងនោះរួមមាន៖
១. លោក គីម ជុងអ៊ុន
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានផ្លាស់ប្ដូរយ៉ាងខ្លាំង នៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងនោះរួមមានចាប់ពីការព្រមាន, សង្រ្គាមពាក្យសម្ដីលាយឡំជាមួយការប្រមាថ រហូតដល់ទំនាក់ទំនងល្អូកល្អើនដ៏ចម្លែករវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន។ លោក ត្រាំ និងលោក គីម បានជួបគ្នាចំនួន៣លើក ហើយបាន ផ្ញើសំបុត្រឱ្យគ្នាទៅវិញទៅមកច្រើនជាង១២លើក តែមិនអាចបញ្ឈប់កូរ៉េខាងជើងពីការផលិតអាវុធនុយក្លេអ៊ែរឡើយ ដោយនៅក្នុងខែតុលានេះ កូរ៉េខាងជើងបញ្ចេញ មីស៊ីលបាលិស្ទីគ ICBM ស៊េរីថ្មីមួយទៀតផង។ ក៏ប៉ុន្តែទាំងលោក ត្រាំ និងមន្ត្រីជាន់ខ្ពស់របស់លោក ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីការបរទេស លោក ប៉ុមប៉េអូ នៅតែអះអាង ពីទំនាក់ទំនងល្អជាមួយទីក្រុងព្យុងយ៉ាង ដោយមិនបានចាត់វិធានការអ្វីជាដុំកុំភួននោះទេ។
ផ្ទុយពីលោក ត្រាំ ដែលប្រកាសជួបលោក គីម ដោយគ្មានលក្ខខណ្ឌ លោក បៃដិន បានប្រកាសថាបើជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោកនឹងមិនជួបជាមួយ មេដឹកនំាកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌទុកជាមុននោះឡើយ។
២. ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ាន
លោក ដូណាល់ ត្រាំ បានជ្រើសរើសប្រទេសអារ៉ាប៊ីសាអូឌីត ជាគោលដៅបំពេញដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក កាលពីឆ្នាំ២០១៧ ដោយមានការ ទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន សាល់ម៉ាន។ នៅពេលសមាជិកសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ចង់ឱ្យព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន ទទួលខុសត្រូវ និងនៅពេលសភាតំណាងរាស្ត្រអាមេរិក ចង់ដាក់ទណ្ឌកម្មប្រឆាំងនឹងរាជទាយាទអង្គនេះ លោក ត្រាំ បានបង្ហាញការគាំទ្រ ព្រមទាំងប្រើសិទ្ធិអំណាចវេតូប្រឆាំង ទណ្ឌកម្មរបស់សភាអាមេរិកលើព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ានទៀតផង ក្រោយព្រះអង្គត្រូវបានចោទថាជាអ្នកបញ្ជាឱ្យគេសម្លាប់អតីតអ្នកកាសែតម្នាក់ គឺលោក Jamal Khashoggi កាលពីខែតុលា ឆ្នាំ២០១៨។ រឿងដែលលោក ត្រាំ បានធ្វើឱ្យអារ៉ាប៊ីសាអូឌីតសប្បាយចិត្តបំផុត នោះគឺការដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ឆ្នាំ២០១៥ ដែលធ្វើឡើង ក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ហើយដែលកាលណោះលោក បៃដិន ជាអនុប្រធានាធិបតី។
៣. លោកប្រធានាធិបតីតួកគី អឺដូហ្គាន់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានដាក់ទណ្ឌកម្មធំដំអ្វីលើតួកគី សម្រាប់ការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីនោះទេ បើជាការទិញនេះបំពានលើយុទ្ធសាស្ត្រ ការពារជាតិរបស់អង្គការ NATO ក៏ដោយ។ លោក អឺដូហ្គាន់ បានប្រើបាស់ទំនាក់ទំនងផ្ទាល់ខ្លួន ដោយបញ្ចុះបញ្ចូលឱ្យលោក ត្រាំ អនុញ្ញាតឱ្យតួកគី បើកប្រតិបត្តិការយោធា បោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ ក្នុងប្រទេសស៊ីរី។ ការសម្រេចចិត្តរបស់លោក ត្រាំ ធ្វើឡើងដោយមិនបានពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តអាមេរិកដែលកំពុងប្រយុទ្ធ ប្រឆាំងជាមួយ ISIS នៅស៊ីរីឡើយ។ លោក អឺដូហ្គាន់ នឹងខាតបង់ធ្ងន់ធ្ងរ បើសិនជាលោក បៃដិនជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ព្រោះលោក បៃដិន ធ្លាប់អំពាវនាវឱ្យ អាមេរិកគាំទ្រគណបក្សប្រឆាំងតួកគី និងដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលលោក អឺដូហ្គាន់។
៤. ប្រធានាធិបតីចិន លោក ស៊ី ជិនពីន
ទោះបីជាលោក ដូណាល់ ត្រាំ បានចាត់វិធានការតឹងរឹងជាច្រើនប្រឆាំងនឹងចិន ក្នុងនោះរួមមានទាំងសង្រ្គាមដំឡើងពន្ធ និងការបង្កើនការគាំទ្រដល់ប្រទេសដែលកំពុងមាន ជម្លោះជាមួយចិនក៏ដោយ តែក្រុមមន្ត្រីចិន នៅតែយល់ថាសហរដ្ឋអាមេរិក នៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ងាយស្រួលទប់ទល់ជាង។ ដ្បិត៤ឆ្នាំមកនេះ នៅក្រោម ការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដើរទន្ទឹមគ្នាជាមួយ «នយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ ឬ America's first បានធ្វើឱ្យសម្ព័ន្ធភាពជាមួយបណ្ដាប្រទេសអឺរ៉ុប ប្រេះឆាយ៉ាងខ្លាំង ដោយមិនអាចប្រមូលផ្ដុំកម្លាំងប្រឆាំងចិន ហើយរឹតតែសំខាន់លោក ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន ដែលកាន់តែផ្ដល់ឱកាស ឱ្យចិនដើរតួជាអ្នកគាំទ្រប្រព័ន្ធហុភាគីនិយម ប្រឆាំងឯកតោភាគីនិយម។
សម្រាប់ក្រុមមន្ត្រីចិនទាំងនេះ ទោះជានរណាធ្វើជាប្រធានាធិបតី ក៏សហរដ្ឋអាមេរិកនៅតែប្រឆាំងចិនដដែល ទាស់ខុសត្រង់វិធិសាស្ត្រតែប៉ុណ្ណោះ។ តែបើសិនជាលោក បៃដិន ក្លាយជាប្រធានាធិបតី នោះចិនអាចនឹងខាត់បង់ធ្ងន់ ព្រោះលោក បៃដិន នឹងប្រមូលកម្លាំងសម្ព័ន្ធមិត្តរបស់ខ្លួនឡើងវិញ ដើម្បីទប់ស្កាត់ឥទ្ធិពលចិន។
៥. ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន
ដូចគ្នានឹងចិនដែរ នៅរុស្ស៊ីប្រហែលជាចង់ឃើញលោក ត្រាំ ជាប់ឆ្នោតជាងលោក បៃដិន ដែលចង់ប្រមូលផ្ដុំកម្លាំងសម្ព័ន្ធអឺរ៉ុបឡើងវិញ។ នៅក្រោមរដ្ឋបាលលោក ត្រាំ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តអង្គការណាតូ ជាពិសេសគឺអាល្លមឺង់ មិនសូវជាល្អប៉ុន្មាននោះទេ ខណៈប្រទេសជាអឺរ៉ុបសមាជិកដទៃទៀត មានការសង្ស័យចំពោះប្ដេជ្ញាចិត្តរបស់អាមេរិក ក្នុងការជួយពួកគេប្រឈមមុខជាមួយរុស្ស៊ី។ និយាយឱ្យងាយស្ដាប់ លោក ពូទីន ចង់មើលលោក ត្រាំ ឈ្លោះគ្នាជាមួយអឺរ៉ុប ជាជាងចង់ឃើញអឺរ៉ុប និងអាមេរិកល្អូនល្អើននឹងគ្នា ក្រោមរដ្ឋបាលលោក បៃដិន។
៦. ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro
លោក Jair Bolsonaro ត្រូវបានគេប្រសិទ្ធនាមថា «ដូណាល់ ត្រាំ ប្រេស៊ីល»។ នៅជំនាន់លោក ត្រាំ សហរដ្ឋអាមេរិកបានដកបម្រាមនាំចូលសាច់គោពីប្រេស៊ីល, គាំទ្រ ឱ្យប្រេស៊ីលចូលរួមក្នុងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ រួមទាំងចុះកិច្ចព្រមព្រៀងវិស័យការពារជាតិ និងការរុករកនៅទីអវកាសជាមួយនឹងគ្នា ទៀតផង ដោយមិនខ្វល់ពីបញ្ហាបរិស្ថាននៅក្នុងប្រទេសប្រេស៊ីល។ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល ធ្លាប់បញ្ជាក់ថាប្រេស៊ីលមិនមានបញ្ហាអ្វីទេ នៅពេលលោក បៃដិន ជាប់ឆ្នោត ប៉ុន្តែលោក បៃដិន ធា្លប់និយាយថាប្រេស៊ីល អាចនឹងប្រឈមមុខជាប់ទណ្ឌកម្មសេដ្ឋកិច្ច បើសិនជាមិនអាចបញ្ឈប់ការកាប់បំផ្លាញព្រៃអាម៉ាហ្សូនទេនោះ។
៧. នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu
នៅក្រោមរដ្ឋបាលលោក ត្រាំ បានធ្វើរឿងជាច្រើនដែលប្រធានាធិបតីអាមេរិកមុនៗមិនហ៊ានធ្វើ ក្នុងនោះរួមមានការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម និងតំបន់ Golan Heights ជាកម្មសិទ្ធិរបស់អ៉ីស្រាអែល។ កាលពីខែកញ្ញាកន្លងទៅ លោក ត្រាំ ថែមទាំងធ្វើឱ្យប្រទេសបារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម យល់ព្រមបង្កើតទំនាក់ទំនងទូតនឹងគ្នា ផងដែរ។ ក្រុមមន្ត្រីអ៉ីស្រាអែល កំពុងបារម្ភថារដ្ឋបាលលោក បៃដិន មិនរក្សាគោលជំហរគំាទ្រអ៉ីស្រាអែលដូចលោក ត្រាំ ហើយអាចនឹងចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៉ីរ៉ង់ជាថ្មីក៏ថាបាន៕
ប្រភព៖ South China Morning Post (ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០)