(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានឲ្យដឹងថា សន្ធិសញ្ញាអន្តរជាតិស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ទើបតែត្រូវបានផ្តល់សច្ចាប័នដោយប្រទេសទី៥០ គឺហុងឌូរ៉ាស។ ប្រការនេះអនុញ្ញាតឲ្យវាចូលជាធរមានបានក្នុងរយៈពេល៩០ថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០។
សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរខាងលើ ដែលហាមប្រាមការប្រើប្រាស់ ការអភិវឌ្ឍ ការផលិត ការធ្វើតេស្ត និងការដាក់ពង្រាយនៃអាវុធប្រភេទនេះ ត្រូវបានមហាសន្និបាតនៃអង្គការសហប្រជាជាតិអនុម័ត កាលពីខែតុលា ឆ្នាំ២០១៧ ជាមួយការយល់ព្រមពីសំណាក់ប្រទេសសរុបចំនួន១២២។
ចាប់តាំងពីពេលនោះមក ប្រទេសចំនួន៨៤បានចុះហត្ថលេខាលើសន្ធិសញ្ញានោះ ប៉ុន្តែមិនបានផ្តល់សច្ចាប័នទាំងអស់ឡើយ ដោយថ្មីៗនេះ ហុងឌូរ៉ាសទើបតែបានក្លាយជាប្រទេសទី៥០ ដែលបានផ្តល់សច្ចាប័ន។ ដូច្នេះហើយ វានឹងអាចចូលជាធរមានបាននៅខែមករា ឆ្នាំ២០២១។
គួរជម្រាបថា យ៉ាងណាក្តី ក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន និងរុស្ស៉ី ជាដើម មិនបានចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរឡើយ ដោយពួកគេបានលើកហេតុផលថា អាវុធនុយក្លេអ៊ែរមានសារសំខាន់ជាខ្លាំងដើម្បីកំញើញគូសត្រូវ ហើយពួកគេនៅតែបន្តប្តេជ្ញាគោរពតាមសន្ធិសញ្ញាទប់ស្កាត់ការរីកសាយនៃអាវុធនុយក្លេអ៊ែរ៕