(ហាណូយ)៖ វៀតណាមបានដាក់ពង្រាយយោធា និងគ្រឿងចក្រធំៗ ដើម្បីចេញប្រតិបត្តិការជួយសង្គ្រោះ មនុស្សម្នាពីគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុងកំណាច ម៉ូឡាវ (Molave) ដែលបានបោកបក់មកលើភាគកណ្តាល នៃប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃពុធម្សិលមិញ និងជាព្យុះដ៏អាក្រក់ដែលមិនធ្លាប់កើតមាន ២០ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។
បើតាមប្រភពពីអាជ្ញាធរវៀតណាម មនុស្ស ១៣នាក់បានស្លាប់ និង ៤០នាក់កំពុងបាត់ខ្លួន នៅក្នុងករណីបាក់ដីនៅក្នុងខេត្ត ក្វាងណាម (Quang Nam) កាលពីថ្ងៃពុធម្សិលមិញ ជាពេលដែលព្យុះទីហ្វុង Molave ចាប់ផ្តើមបោកបក់ មកលើដែនដីភាគកណ្តាលវៀតណាម នៅក្នុងលឿនខ្យល់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ទៅលើតំបន់ដែលធ្លាប់បានរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរម្តងរួចមកហើយ កាលពីអំឡុងដើមខែតុលាដដែលនេះ។
ជុំវិញគ្រោះមហន្តរាយខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម ទ្រិញ ឌិញដុង (Trinh Dinh Dung) បានលើកឡើងថា «យើងអាចព្យាករណ៍អំពីកម្លាំងនៃព្យុះ និងកម្រិតនៃទឹកភ្លៀង តែយើងមិនអាចព្យាករណ៍អំពីការបាក់ដីបានឡើយ»។ ដីបាក់លាយឡំទឹកភ្លៀង បានក្លាយជាល្បាប់ភក់រហូរចុះទៅលើផ្លូវថ្នល់មួយចំនួន ជាពិសេសនៅក្នុងខេត្តក្វាងណាម ដែលបានជំរុញឲ្យកងកម្លាំងសង្គ្រោះវៀតណាម ស្វះស្វែងយកគ្រឿងចក្រដោះស្រាយបញ្ហាជាបន្ទាន់។
គួរបញ្ជាក់ថា បើតាមរបាយការណ៍បឋមពីរដ្ឋាភិបាលវៀតណាម ព្យុះទីហ្វុង Molave បានបង្ខំឲ្យប្រជាជនជាង ១លាននាក់ភៀសខ្លួន, រាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងផ្ទះប្រជាជនជាង ៥៦,០០០ខ្នងរងការបំផ្លាញ ឬខូចខាត។ ដោយឡែកអ្នកនេសាទសរុប ២៦នាក់កំពុងបន្តបាត់ខ្លួន ក្រោយទូកនេសាទរបស់ពួកគេបានលិចទៅក្នុងសមុទ្រ ខណៈនាវាកងទ័ពជើងទឹកវៀតណាម កំពុងបន្តការស្វែងរក៕