(ប៊ែរឡាំង)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល បានសម្រេចចិត្តដាក់ប្រទេសរបស់ខ្លួន ក្រោមវិធានការបិទទ្វារ (lockdown) សាជាថ្មី នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈរលកទី២នៃការឆ្លងរាតត្បាត COVID-19 បាននិងកំពុងគំរាមកំហែងកាន់តែខ្លាំងឡើង នៅក្នុងតំបន់អឺរ៉ុបមុននឹងរដូវរងារចូលមកដល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។
នៅក្នុងក្រោមវិធានការ lockdown ក្នុងប្រទេសបារាំង ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃសុក្រសប្ដាហ៍នេះ ប្រជាជននឹងត្រូវតម្រូវឱ្យស្ថិតនៅក្នុងផ្ទះ លើកលែងតែករណីចាំបាច់ខ្លាំងដូចជា ការចេញទៅទិញចំណីអាហារ, ថ្នាំពេទ្យ ឬទៅកាន់មន្ទីរពេទ្យ និងអាចហាត់ប្រាណនៅខាងក្រៅត្រឹមមួយម៉ោងប៉ុណ្ណោះ ហើយពួកគេអាចនឹងត្រូវបានអនុញ្ញាតឱ្យទៅធ្វើការ បើសិនជាការងារនោះមិនអាចធ្វើការពីផ្ទះបាន។ តែសាលារៀននៅតែបើកដំណើរការដដែល។
ចំណែកឯអាល្លឺម៉ង់វិញនឹងបិទបា, ក្លឹបរាត្រី, ភោជនីយដ្ឋាន និងរោងកុនជាបណ្ដោះអាសន្នពីថ្ងៃទី០២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា បន្ទាប់ពីមានការឯកភាពគ្នារវាងលោកស្រី មើគែល និងមេដឹកនាំរដ្ឋបាលតាមតំបន់នីមួយៗ។ សាលារៀននៅតែបន្តបើកទ្វារដដែល ហើយហាងទំនិញនឹងត្រូវអនុញ្ញាតបន្តអាជីវកម្ម ក្រោមវិធានការរឹតត្បិតមួយចំនួន។
គួរជម្រាបថា បើតាម worldometers កាលពីថ្ងៃពុធម្សិលមិញ បារាំងមានករណីឆ្លង COVID-19 ៣៦,៤៣៧នាក់ក្នុងមួយថ្ងៃ និងអ្នកស្លាប់ថ្មី២៤៤នាក់ នាំឱ្យអ្នកឆ្លង និងស្លាប់សរុប កើនដល់១.២លាននាក់ក្នុងនោះស្លាប់សរុប ៣៥,៧៨៥នាក់។ រីឯអាល្លឺម៉ង់វិញរកឃើញ ១៦,២០២នាក់ក្នុងមួយថ្ងៃ នាំឱ្យអ្នកឆ្លងសរុប ៤៩៧,៦២១នាក់ ក្នុងនោះស្លាប់សរុប ១០,៣៥៩នាក់៕