(វ៉ាស៊ីនតោន)៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់កងទ័ពអាកាសអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់មួយរូបនៃកងទ័ពអវកាសអាមេរិក (US Space Force) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍លើបានគូសបញ្ជាក់ថា ឧត្តមសេនីយ៍លោក ដេវីដ ថមសុន (David D. Thompson) អគ្គមេបញ្ជាការរងនៃកងប្រតិបត្តិការទ័ពអវកាសអាមេរិក បានធ្វើតេស្តវិជ្ជមាននៅថ្ងៃនេះ បន្ទាប់ពីសមាជិកគ្រួសារម្នាក់មានផ្ទុកជំងឺ COVID-19។ យោងតាមគោលការណ៍ប្រយុទ្ធប្រឆាំងជំងឺ COVID-19 លោកឧត្តមសេនីយ៍ត្រូវដាក់ខ្លួនឯងឲ្យដាច់ដោយឡែក (ចត្តាឡីស័ក) និងធ្វើការពីចម្ងាយ។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជក់ទៀតថា កងកម្លាំងអវកាសនៅតែប្រតិបត្តិការជាធម្មតា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជាតិ។
ឧត្តមសេនីយ៍រូបនេះបានឆ្លងជំងឺ COVID-19 បន្ទាប់ពីលោកឧត្តមសេនីយ៍មួយរូបទៀតគឺលោក ឆាល រ៉េយ (Charles Ray) មេបញ្ជាការរងនៃឆ្មាំការពារសមុទ្រអាមេរិក បានឆ្លងជំងឺដ៏កាចសាហាវមួយនេះកាលពីដើមខែតុលា។ មូលហេតុបែបនេះហើយទើប មន្ត្រីជាន់ខ្ពស់យោធាជាច្រើនរូប រួមទាំងប្រធានអគ្គសេនាធិការចម្រុះលោក ម៉ាក មីល្លេយ (Mark Milley) ត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ដោយសារពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Ray ។
គួរបញ្ជាក់ថា កងកម្លាំងអវកាសគឺជាផ្នែកថ្មីមួយ ដែលទើបត្រូវដាក់ឲ្យធ្វើប្រតិបត្តិការ ជាមួយកងទ័ពអាកាសអាមេរិក។ កងកម្លាំងថ្មីនេះត្រូវបានបង្កើតឡើង ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការផ្តល់ការព្រមាន អំពីការវាយប្រហារមីស៊ីល, ការគ្រប់គ្រងដែនអវកាស, កំណត់ទីតាំង និងពេលវេលា, ការទំនាក់ទំនង និងសង្គ្រាមអេឡិចត្រូនិកនៅទីអវកាស៕