(តៃប៉ិ)៖ អាកាសយានិកតៃវ៉ាន់ម្នាក់បានបាត់បង់ជីវិត ក្រោយពីយន្តហោះចម្បាំងដែលខ្លួនបានបញ្ជានោះ ធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើតកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ អំឡុងការហ្វឹកហ្វឺនជំនាញហោះហើរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

អាកាសយានិកខាងលើនេះមានឈ្មោះថា ជូ ក្វាង (Chu Kuang) អាយុ ២៩ឆ្នាំ បានចុចឆ័ត្រយោងលោតចេញពីយន្តហោះចម្បាំង F-5E ដែលត្រូវបានគេរាយការណ៍ថា មានបញ្ហាផ្នែកម៉ាស៊ីន ប៉ុន្តែនៅតែមិនអាចរក្សាជីវិតរបស់ខ្លួនបាននោះឡើយ ក្រោយពេលយន្តហោះចម្បាំងនេះ បានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។

គួរបញ្ជាក់ថា កងកម្លាំងទ័ពអាកាសកោះតៃវ៉ាន់ បានបង្កើនសកម្មភាពហ្វឹកហ្វឺន និងល្បាតដែនអាកាសរបស់ខ្លួនទ្វេដងនៅក្នុងឆ្នាំ២០២០នេះ បើធៀបនឹងឆ្នាំ២០១៩ ដោយសារតែខ្លួនមើលឃើញថា សកម្មភាពនៃយន្តហោះចម្បាំងដែលបានហោះឆ្វែលជុំវិញកោះនេះ មានចំនួនកើនឡើងខ្លាំងលើសពេលណាៗទាំងអស់។ សម្រាប់យន្តហោះចម្បាំង F-5E ដែលទើបធ្លាក់នេះវិញ គឺជាយន្តហោះស៊េរីចាស់ ដែលត្រូវបានអភិវឌ្ឍឡើងដំបូង តាំងតែពីអំឡុងទសវត្សរ៍ ១៩៦០ មកម្ល៉េះ៕