(សេអ៊ូល)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រកាសជាថ្មីពីការប្ដេជ្ញាចិត្តរបស់លោក ក្នុងការពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង ពីមួយជំនាន់ទៅមួយជំនាន់ ហើយពិភពលោកក៏បានឃើញហើយដែរ ពីការផ្លាស់ប្តូរយ៉ាងលឿនអស្ចារ្យមិនធ្លាប់មានពីមុនមក នៅក្នុងរយៈពេល ១០០ឆ្នាំមកនេះ។ នេះបើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។
លោក ស៊ី ជិនពីង ថ្លែងបែបនេះ ជាការឆ្លើយតបទៅកាន់លោក គីម ជុងអ៊ុន បន្ទាប់ពីលោក គីម ផ្ទាល់ផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីចិនរូបនេះ ដើម្បីអបអរសាទរខួបលើកទី ៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលដើមខែតុលាកន្លងទៅ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA សាររបស់លោក ស៊ី ជិនពីង គឺមានគោលបំណង បង្ហាញអំពីទំនាក់ទំនងទ្វេភាគី ដ៏រឹងមាំជាមួយកូរ៉េខាងជើង ហើយវាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់ នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ។
គួរជម្រាបថា នៅក្នុងលិខិតឆ្លើយតបទៅកាន់លោក គីម ជុងអ៊ុន លោក ស៊ី ជិនពីង ក៏បានសង្កត់ផងដែរថា ពិភពលោកបានឃើញរួចទៅហើយ ពីការផ្លាស់ប្តូរយ៉ាងលឿនអស្ចារ្យមិនធ្លាប់មានពីមុនមក នៅក្នុងរយៈពេល ១០០ឆ្នាំមកនេះ។ ទោះជាបែបនេះក្តី លោក ស៊ី មិនបានបញ្ជាក់ថា តើអ្វីទៅជា «ការផ្លាស់ប្ដូរដ៏អស្ចារ្យ» ដែលលោកចង់សំដៅទៅលើនោះទេ៕