(ម៉ុមបៃ)៖ ទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនដល់ជាង ៨លានករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន៤៩,៨៨១ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីចំនួន៥១៧នាក់ ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបបានកើនដល់ ១២០,៥២៧នាក់។
គួរជម្រាបថា ឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោក ក៏ជាប្រទេសដែលមានករណីឆ្លង COVID-19 ខ្ពស់ជាងគេលំដាប់ទី២ នៅលើពិភពលោកផងដែរបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានករណីឆ្លងជាង ៨.៨លានករណីផងដែរ។ យ៉ាងណាក៏ដោយ អត្រាឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅឥណ្ឌាបានធ្លាក់ចុះវិញជាងពាក់កណ្តាល នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីបានឡើងខ្ពស់ដល់ជិត ១សែននាក់ក្នុង១ថ្ងៃ៕