(វ៉ាស៊ីនតោន)៖ គិតត្រឹមម៉ោង ៨៖៣០នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកទាំងមូលបានបញ្ចេញរបាយការណ៍រួម នៃចំនួនអ្នកឆ្លងជំងឺ COVID-19 ថ្មីៗដែលត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោង ដែលមានរហូតដល់ទៅ ៩១,២៩៥ករណីឯណោះ ហើយវាជាអត្រាឆ្លងប្រចាំថ្ងៃ «ខ្ពស់បំផុត» មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះឡើង នៅលើទឹកមហាអំណាចមួយនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០។
បើតាមការអង្កេតមើលថ្មីៗនេះ សន្ទុះនៃការឆ្លងនៅសហរដ្ឋអាមេរិក បានងើបឡើងខ្លាំងតាំងតែពីចុងខែតុលាមកម្ល៉េះ។ ខណៈការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយនេះ ប្រធានបទ COVID-19 ក៏បាននិងកំពុងក្លាយជាអាវុធវាយប្រហារគ្នា កាន់ខ្លាំងឡើងៗផងដែររវាងលោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជាង ៩,២១២,០០០ករណី ក្នុងនោះស្លាប់ជាង ២៣៤,០០០នាក់ និងជាសះស្បើយវិញជិត ៦លាននាក់។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ករណីឆ្លង COVID-19 នៅទូទាំងពិភពលោកតែម្តង គឺសរុបមានជាង ៤៥.៣លានករណី ក្នុងនោះស្លាប់ជាង ១.១៨លាននាក់ និងជាសះស្បើយវិញជិត ៣៣លាននាក់៕