(វ៉ាស៊ីនតោន)៖ បាតុកម្មតវ៉ា បាននិងកំពុងផ្ទុះឡើងទូទាំងសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈការរាប់សន្លឹកឆ្នោត នៅតែបន្តស្ថិតក្នុងភាពចម្រូងចម្រាស ដោយមិនទាន់អាចកំណត់អ្នកឈះចាញ់រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន បាននៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
បាតុកម្មតវ៉ាភាគច្រើន ធ្វើឡើងដោយសន្តិវិធី និងរៀបចំឡើយដោយក្រុមសកម្មជន ដែលកំពុងអំពាវនាវឱ្យមានការរាប់សន្លឹកឆ្នោតទាំងស្រុង។ ប៉ុន្តែ អ្នកគំាទ្រលោក ត្រាំ កំពុងប្រមូលផ្ដុំគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងទីក្រុងមួយចំនួន ដូចជាទីក្រុង Phoenix និងទីក្រុង Detroit ដើម្បីទាមទារឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត។ បាតុកម្មតវ៉ា ស្រដៀងគ្នានេះ ក៏បានកើតឡើងផងដែរក្នុងទីក្រុង Los Angeles, Seattle, Houston, Pittsburgh, Minneapolis និងទីក្រុង San Diego, Dallas និងទីក្រុង Chicago។
គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក មនុស្ស១០នាក់ ត្រូវបានចាប់ខ្លួនក្នុងទីក្រុង Portland និង៥០នាក់ ក្នុងទីក្រុង New York នៅក្នុងបាតុកម្មតវ៉ា ដែលប៉ូលិស ចាត់ទុកជា «កុបកម្ម» កាលពីយប់ថ្ងៃពុធ។ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពាក្យបណ្ដឹងមួយ ជាការតវ៉ាតាមផ្លូវច្បាប់ ដើម្បីស្នើឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត ក្នុងរដ្ឋ Georgia, Michigan និងរដ្ឋ Pennsylvania។ លោក ត្រាំ តែងតែចោទប្រកាន់ថា ការបោះឆ្នោតឆ្នាំ២០២០នេះ គឺពោរពេញ ដោយអំពើពុករលួយ និងការក្លែងបន្លំសន្លឹកឆ្នោត ដែលផ្ទាល់ចង់សំដៅទៅលើការបោះឆ្នោតតាមប្រៃសណីយ៍។
បើតាមលទ្ធផលបច្ចុប្បន្ន លោក ចូ បៃដិន បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោត តំណាង ២៦៤រូប ទៅនឹង២១៤រូប៕