(ប៉េកាំង)៖ អនុរដ្ឋមន្រ្តីការបរទេសចិនលោក ឡេ យូឆេង (Le Yucheng) បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនសង្ឃឹមថាប្រធានាធិបតីអាមេរិកថ្មី និងរដ្ឋាភិបាលថ្មីរបស់លោកនឹងអាចចូលខ្លួន មកដោះស្រាយបញ្ហានៅកណ្តាលផ្លូវ នោះគឺភាពខ្វែងគំនិតគ្នារវាងចិន និងអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
មន្ត្រីជាន់ខ្ពស់ចិនខាងលើនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសង្ឃឹមថាភាគីសហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសចិន ដោយឈរលើគោលការណ៍សម្របសម្រួល, មិនប្រឈមមុខដាក់គ្នា, គោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ»។
លោក Le បានសង្កត់ធ្ងន់ទៀតថា «ទោះបីជានៅមានការខ្វែងគំនិតគ្នាក៏ដោយ ប្រទេសទាំងពីរមានផលប្រយោជន៍រួម និងឱកាសសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការនេះ ហើយទំនាក់ទំនងទ្វេភាគីដែលប្រកបដោយស្ថិរភាព មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ តែថែមទាំងសក្តិសមនឹងការរំពឹងទុក ពីសំណាក់សហគមន៍អន្តរជាតិទៀតផង»។
គួរបញ្ជាក់ថា អនុរដ្ឋមន្រ្តីការបរទេសចិនលោក Le Yucheng បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែវិច្ឆិកាខាងមុខនេះ ដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ក៏នឹងចូលរួមក្នុងកិច្ចប្រជុំលើកទី ២០ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃ SCO នេះផងដែរ៕