(ប៉េកាំង)៖ អ្នកនាំពាក្យយោធាចិនម្នាក់កាលពីពេលថ្មីៗនេះ បានសម្តែងជំហរប្រឆាំងយ៉ាងដាច់ខាត ហើយថ្កោលទោសយ៉ាងពេញទំហឹង ទៅលើគម្រោងលក់យន្តហោះដ្រូនរបស់អាមេរិកឲ្យទៅតៃវ៉ាន់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក វូ កៀន (Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយថា គម្រោងលក់សព្វាវុធរបស់អាមេរិកឲ្យទៅតៃវ៉ាន់ គឺជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរចំពោះ «គោលនយោបាយចិនតែមួយ» និងចំពោះកិច្ចព្រមព្រៀងចំនួន ០៣រវាងចិន និងសហរដ្ឋអាមេរិក។ ក្រៅពីនេះ វាក៏ប៉ះពាល់ជាខ្លាំងដល់អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹករបស់ប្រទេសចិន ហើយអាចធ្វើឲ្យខាតផលប្រយោជន៍ស្នូលរបស់ចិន និងទំនាក់ទំនងរវាងប្រទេស ក៏ដូចជាយោធាទាំងសងខាង ព្រមទាំងសុខសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ថែមទៀត។
ដូច្នេះហើយចិនបានទទូចឲ្យខាងសហរដ្ឋអាមេរិក លុបចោលវិញជាបន្ទាន់ នូវគម្រោងលក់សព្វាវុធទាំងឡាយឲ្យទៅតៃវ៉ាន់ ព្រមទាំងកិច្ចសន្យាយោធាផ្សេងៗជាមួយដែនដីកោះនេះ ដើម្បីបញ្ចៀសការបំផ្លិចបំផ្លាញ ចំណងទាក់ទងទ្វេភាគី រួមទាំងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
គួរជម្រាបថា ការបញ្ចេញប្រតិកម្មរបស់ចិន បានកើតមានឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីគម្រោងលក់យន្តហោះដ្រូនប្រយុទ្ធ ដ៏ទំនើបរបស់ខ្លួនគឺធុន MQ-9 Reaper ចំនួន ០៤គ្រឿងឲ្យតៃវ៉ាន់។ កន្លងមកអាមេរិកក៏មានគម្រោងលក់អាវុធដទៃៗទៀតដូចជា គ្រាប់មីស៉ីលជាច្រើនប្រភេទ និងប្រព័ន្ធបាញ់មីស៉ីលឲ្យតៃវ៉ាន់ផងដែរ ដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារឯណោះ៕