(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេស នៅថ្ងៃពុធសប្តាហ៍នេះ បានទទូចដល់ចក្រភពអង់គ្លេស ឲ្យទទួលស្គាល់ការពិត និងបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ការអំពាវនាវខាងលើធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអង់គ្លេស ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ជុំវិញការចាប់ខ្លួននូវអ្វីដែលគេហៅថា «ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ» និងជាអតីតសមាជិកសភានៃទីក្រុងហុងកុង ដោយបានពណ៌នាព្រឹត្តិការណ៍នោះថា «ជាកត្តាជំរុញនយោបាយ»។ សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ថា សិទ្ធិនិងសេរីភាពរបស់ពលរដ្ឋហុងកុងត្រូវបានចែងនៅក្នុងសេចក្តីប្រកាសរួម ហើយរដ្ឋាភិបាលអង់គ្លេសរំពឹងថា ការចាប់ខ្លួន ក៏ដូចជាដំណើរការតុលាការរបស់ហុងកុង ត្រូវតែប្រព្រឹត្តទៅដោយយុត្តិធម៌និងតម្លាភាព។

ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេសបានថ្កោលទោស ចំពោះសេចក្តីថ្លែងការណ៍ខាងលើ ដោយសង្កត់ធ្ងន់ថា ពលរដ្ឋហុងកុងទទួលបានសិទ្ធិប្រជាធិបតេយ្យដែលមិនធ្លាប់មានពីមុនមក ក៏ដូចជាសេរីភាពយ៉ាងទូលំទូលាយ ស្របតាមច្បាប់និងបទប្បញ្ញត្តិដែលបានចែង។ អ្នកនាំពាក្យរបស់ស្ថានទូតចិនបានអះអាងថា គ្មានការរំខាន ឬការមួលបង្កាច់បង្ខូចនៅក្នុងការអនុវត្តច្បាប់នោះឡើយ ពលរដ្ឋគ្រប់រូបទទួលបាលសិទ្ធិស្មើៗគ្នានៅចំពោះមុខច្បាប់ ហើយរាល់ការរំលោភបំពានច្បាប់ណាមួយនឹងត្រូវផ្តន្ទាទោលស្របតាមផ្លូវច្បាប់។

អ្នកនាំពាក្យរូបនេះ ក៏បានរំលឹកឡើងវិញថា កិច្ចការទីក្រុងហុងកុង គឺជារឿងផ្ទៃក្នុងរបស់ចិនសុទ្ធសាធ និងបានច្រានចោលនូវការលើកឡើងរបស់ចក្រភពអង់គ្លេស ដោយបានបន្ថែមទៀតថា សេចក្តីប្រកាសរួមមិនផ្តល់នូវអធិបតេយ្យ យុត្តាធិការ ឬសិទ្ធិក្នុងការគ្រប់គ្រងទីក្រុងហុងកុងទៅឲ្យចក្រភពអង់គ្លេសនោះឡើយ។ អ្នកនាំពាក្យដដែលក៏បានព្រមានថា រដ្ឋាភិបាលចិនទទូចឲ្យចក្រភពអង់គ្លេសបញ្ឈប់ការប្រើប្រាស់សេចក្តីប្រកាសរួម ដើម្បីជាលេសក្នុងជ្រៀតជ្រែកចូលកិច្ចការទីក្រុងហុងកុងតទៅទៀត៕