(តូក្យូ)៖ អាជ្ញាធរសុខាភិបាលជប៉ុនបានប្រកាសឲ្យដឹងថា ករណីឆ្លងជំងឺរាតត្បាតសកល COVID-19 ចំនួន ១,០៤៥ទៀត ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍នេះ ដែលវាត្រូវបានចាត់ទុកជាអត្រាឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ៣ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍(ម៉ោងនៅទីក្រុងតូក្យូ) ជប៉ុនបានរកឃើញករណីឆ្លង COVID-19 សរុបចំនួន ១០៥,០៧៩ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ១,៨១៩នាក់បានស្លាប់ និងជាសះស្បើយជាង ៩.៤មុឺននាក់។
គួរបញ្ជាក់ថា តំបន់ដែលកើតមានករណីឆ្លង COVID-19 ច្រើនជាងគេនោះ គឺទីក្រុងតូក្យូផ្ទាល់តែម្តង ដែលមានសរុប ៣១,៨៩៣ករណី។ ក្នុងចំណោមករណីឆ្លងថ្មីជាង ១,០០០ករណីខាងលើ ទីក្រុងតូក្យូបានរាប់រ៉ងចំនួន ២៦៩ករណីតែឯង៕