(វ៉ាស៊ីនតោន)៖ ក្រុមអ្នកតវ៉ាបានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងនានា នៅទូទាំងសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ(ម៉ោងនៅវ៉ាស៊ីនតោន) ខណៈពេលដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ជិតឈានដល់ការប្រកាសអ្នកឈ្នះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន USA Today នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិការ ឆ្នាំ២០២០។
ភាពវឹកវរកើតមានកាន់តែខ្លាំងឡើង នៅយប់ថ្ងៃពុធនេះ(ម៉ោងនៅវ៉ាស៊ីនតោន) ដោយមានរបាយការណ៍ខ្លះបានឲ្យដឹងថា ក្រុមបាតុករដែលគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ និងអាជ្ញាធរប៉ូលីសបានឈានទៅដល់ការប្រើអំពើហិង្សាទ្រង់ទ្រាយធំទៀតផង ដែលនាំទៅដល់ការដាក់ពង្រាយកងឆ្មាំជាតិ នៅទីក្រុង Portland នៃរដ្ឋ Oregon ហើយបើតាម Reuters បានឲ្យដឹងថា យ៉ាងហោចណាស់ មានបាតុករចំនួន ១១នាក់ត្រូវបានប៉ូលីសចាប់ខ្លួន និងបានរឹបអូសអាវុធជាតិផ្ទុះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក អាជ្ញាធរប៉ូលីសនៅក្នុងទីក្រុង New York បានចាប់ខ្លួនមនុស្សរាប់សិបនាក់ ជុំវិញការប្រើប្រាស់អំពើហិង្សា នៅក្នុងបាតុកម្មតវ៉ា ដែលប៉ូលិស ចាត់ទុកជា «កុបកម្ម»។
ក្រុមអ្នកបាតុកម្មតវ៉ា ក៏បានដើរក្បួននៅទីក្រុង Chicago, Los Angeles, Seattle, Houston, Pittsburgh, Pittsburgh និង San Diego ជាដើមផងដែរ។ ក្រៅពីការអំពាវនាវឲ្យរាប់សន្លឹកឆ្នោតម្តងទៀត ក្រុមបាតុករក៏បានលើកឡើងពីវិសមភាពពូជសាសន៍ ដែលជាប្រធានបទនៃការតវ៉ាជាច្រើន នៅទូទាំងសហរដ្ឋអាមេរិកនៅឆ្នាំនេះផងដែរ។
អ្នកគាំទ្ររបស់លោករប្រធានាធិបតី ដូណាល់ ត្រាំ បានទៅកន្លែងរាប់សន្លឹកឆ្នោតនៅទីក្រុង Detroit នៃរដ្ឋ Michigan ដើម្បីទាមទារឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត។ ពួកគេបានស្រែកខ្លាំងៗនៅពីមុខការិយាល័យបោះឆ្នោតថា «ឈប់លួចបន្លំសន្លឹកឆ្នោតទៀតទៅ» ។ ចំណែកឯ អ្នកគាំទ្រលោក ចូ បៃវិញ ទាមទាឲ្យមានការរាប់សន្លឹកឆ្នោតដែលនៅសេសសល់បន្តទៀត។
គួរជម្រាបថា បាតុកម្មបានផ្ទុះឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេស ដោយសារតែលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃពុធនេះ នៅតែមិនច្បាស់លាស់ ហើយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានធ្វើការអះអាងដោយគ្មានការសង្ស័យ អំពីការលួចបន្លំសន្លឹកឆ្នោត ខណៈក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បានដាក់ពាក្យបណ្ដឹងមួយ ជាការតវ៉ាតាមផ្លូវច្បាប់ ដើម្បីស្នើឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត ក្នុងរដ្ឋ Georgia, Michigan និងរដ្ឋ Pennsylvania៕