(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានព្រមានថាការបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ពីសំណាក់លោក ប្រធានាធិបតី ដូណាល់ ត្រាំ គឺជាជំហានមួយដ៏គ្រោះថ្នាក់ ដែលអាចបំផ្លាញដល់ប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក បារ៉ាក់ អូបាម៉ា ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក អូបាម៉ា បានគូសបញ្ជាក់ដូច្នេះថា៖ « ការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត មិនត្រឹមតែបំផ្លាញភាពស្របច្បាប់នៃអនាគតរដ្ឋបាលថ្មីរបស់លោក បៃដិន នោះទេ ប៉ុន្តែវាក៏នឹងបំផ្លាញផងដែរដល់លទ្ធិប្រជាធិបតេយ្យទាំងមូល»។
គួរជម្រាបថា មកទល់នឹងពេលនេះ លោក ដូណាល់ ត្រាំ មិនបានទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ហើយថែមទាំងដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ដើម្បីជំទាស់នឹង លទ្ធផលបោះឆ្នោតដោយចោទថា មានការលួចបន្លំសន្លឹកឆ្នោត។ ប៉ុន្តែ ក្រុមមន្ត្រីកិច្ចការបោះឆ្នោតអាមេរិក បានច្រានចោលការអះអាងរបស់លោក ត្រាំ ជាមួយការបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ បានប្រព្រឹត្តទៅ «គួរឱ្យទុកចិត្តបំផុតមួយ» នៅក្នុងប្រវត្តិសាស្ត្រអាមេរិក៕