(ហ្សាការតា)៖ ឥណ្ឌូណេស៊ីនៅថ្ងៃសុក្រនេះបានប្រកាសថា ខ្លួនមានគម្រោងចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅត្រឹមចុងឆ្នាំ២០២០នេះ ខណៈករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅតែបន្តកើនឡើង ក្នុងកម្រិតខ្ពស់បំផុតដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានឱ្យដឹងថា គម្រោងខាងលើបានត្រៀមរួចជាស្រេច ដើម្បីជំរុញការចែកចាយវ៉ាក់សាំង នៅទូទាំងប្រទេសតែម្តង។ ម្យ៉ាងវិញទៀត ប្រសិនបើគម្រោងនេះទទួលបាន ការអនុញ្ញាតពីទីភ្នាក់ងារចំណីអាហារ និងឱសថនៃប្រទេសឥណ្ឌូណេស៊ី នោះវានឹងធ្វើឱ្យប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោក គឺជាង ២៧០លាននាក់ ស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ក្នុងពិភពលោក ដែលចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំង COVID-19 នៅក្នុងករណីបន្ទាន់បែបនេះ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីនៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញ COVID-19 ប្រចាំថ្ងៃ ៥,៤៤៤ករណីថ្មី និងអ្នកស្លាប់ថ្មី ១០៤នាក់។ ប្រការនេះបាននាំឱ្យករណីឆ្លងសរុបកើនដល់ ៤៥៧,៧៣៥ករណី ក្នុងនោះស្លាប់កើនដល់ ១៥,០៣៧នាក់ និងជាសះស្បើយឡើងវិញ ៣៨៥,០៩៤នាក់។ ឥណ្ឌូណេស៊ីបច្ចុប្បន្ន គឺជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍៕