(ម៉ានីល/ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៥,៤៤៤ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ៤៣៧,៧១៦ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ក្រៅពីអ្នកឆ្លងថ្មីៗ ឥណ្ឌូនេស៊ី ក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ១០៤នាក់បន្ថែម ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៥,០៣៧នាក់ ខណៈអ្នកជំងឺ ៣,០១០នាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញផងដែរ ជាហេតុនាំឲ្យចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេស កើនដល់ ៣៨៥,០៩៤នាក់ផងដែរ។
ចំណែកឯ នៅប្រទេសហ្វីលីពីនវិញ សន្ទុះនៃករណីឆ្លង COVID-19 ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ។ ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ប្រទេសអាស៊ានមួយនេះ បានកត់ត្រាករណីអ្នកឆ្លងថ្មីៗរហូតដល់ ១,៩០២ករណី និងករណីស្លាប់ចំនួន ៣១នាក់ផងដែរ។ ជាសរុប រហូតមកទល់ពេលនេះ ហ្វីលីពីនមានអ្នកឆ្លងទាំងអស់ ៤០៤,៧១៣ករណី ក្នុងនោះស្លាប់ ៧,៧៥២នាក់ និងជាសះស្បើយ ៣៦២,៩០៣នាក់។
គួរជម្រាបថា បច្ចុប្បន្ន ប្រទេសឥណ្ឌូនេស៊ី គឺកំពុងឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុត តាមពីក្រោយដោយប្រទេសហ្វីលីពីន៕