(ឡុងដ៍)៖ ក្រុមហ៊ុនភីហ្វីហ្សឺ (Pfizer) និងក្រុមហ៊ុនបាយអូអិនធិច (BioNTech) អាចនឹងទទួលបានការអនុញ្ញាត នូវការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ជាបន្ទាន់នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបនៅខែធ្នូខាងមុខនេះ ក្រោយលទ្ធផលធ្វើតេស្ដលើមនុស្ស ក្នុងដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងពីរនេះ មានប្រសិទ្ធភាពរហូតដល់ទៅ ៩៥ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមនាយកប្រតិបត្តិក្រុមហ៊ុន BioNTech លោក អ៊ូហ្គឺ សាហ៊ូន (Ugur Sahin) បានបញ្ជាក់ថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក អាចនឹងផ្ដល់ការអនុញ្ញាត នូវការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង COVID-19 សម្រាប់ករណីបន្ទាន់នៅពាក់កណ្ដាលខែធ្នូ រីឯសហភាពអឺរ៉ុប នឹងផ្ដល់ការអនុញ្ញាតនៅសប្ដាហ៍ទី ៣ ក្នុងខែធ្នូ ពោលគឺមុនថ្ងៃបុណ្យណូអែលចូលមកដល់។
លោក Sahin បង្ហើបឱ្យដឹងទៀតថា ក្រុមហ៊ុន BioNTech នឹងដាក់សំណើសុំការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង COVID-19 បន្ទាន់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថ Pfizer កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា ការវាយតម្លៃចុងក្រោយ ទៅលើលទ្ធផលនៃការតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួនអភិវឌ្ឍ រួមគ្នាជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានបង្ហាញថា វាមានប្រសិទ្ធភាពរហូតដល់ ៩៥% និងមិនមានផលប៉ះពាល់ណាមួយ ត្រូវបានរាយការណ៍ទេ។ Pfizer ក៏បានអះអាងដែរថា វ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពការពារមនុស្សមានវ័យចាប់ពី ៦៥ឆ្នាំឡើងទៅ ក្នុងកម្រិត ៩៤ភាគរយ៕