(ស៊ីដនី)៖ ប្រទេសអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ចេញនូវវិធានការបិទទា្វរ ឬ lockdown ដ៏តឹងរ៉ឹងបំផុតមួយនៅឯរដ្ឋភាគខាងត្បូងនៃប្រទេស ដោយហាមឃាត់ការជួបជុំនៅខាងក្រៅ, ការប្រារព្ធពិធីមង្គលការ និងពិធីបុណ្យសពជាដើម ខណៈអាជ្ញាធរអូស្រ្តាលី កំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាតសកលកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញពីដងផ្លូវដ៏ស្ងាត់ ក្នុងទីក្រុងអាដឺឡែត (Adelaide) នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia) នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃ ដំបូងនៃការអនុវត្តវិធានការ lockdown។ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ ប្រជាជនក៏បាននាំគ្នាទៅផ្សារទំនើប ដើម្បីប្រមូលទិញទំនិញទុកសម្រាប់ប្រើប្រាស់ ក្នុងអំឡុងពេល lockdown នេះផងដែរ។
ដែនដី South Australia ដែលមានប្រជាជនប្រមាណ ១.៨លាននាក់នេះ បានកត់ត្រានូវករណីឆ្លង COVID-19 ចំនួន ២៣ករណីពីចង្កោមអ្នកដំណើរ ដែលត្រលប់មកពីចក្រភពអង់គ្លេស ប៉ុន្តែប្រធានមន្ទីរសុខភាពសាធារណៈ នៃអាជ្ញាធរសុខាភិបាលក្នុងដែនីមួយនេះគឺ លោកស្រី នីកូឡា ស្ពើរីយើ (Nicola Spurrier) បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតមួយថា គ្មានករណីឆ្លងថ្មីណាមួយកើតឡើងនៅថ្ងៃព្រហស្បតិ៍នេះទេ ខណៈមនុស្សប្រហែល ៣,២០០នាក់ដែលធ្លាប់បានទាក់ទង ជាមួយក្រុមអ្នកជំងឺខាងលើ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។
គួរបញ្ជាក់ថា អាជ្ញាធរអូស្រ្តាលីកាលពីថ្ងៃពុធម្សិលមិញនេះ បានចាត់វិធានការ lockdown ដ៏តឹងរ៉ឹងបំផុតមួយរយៈពេល ០៦ថ្ងៃនៅតំបន់ភាគខាងត្បូងនៃប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 ដែលជាប់ពាក់ព័ន្ធជាមួយអ្នកដំណើរ ដែលត្រឡប់មកពីចក្រភពអង់គ្លេស៕