(ប៉េកាំង)៖ ប្រទេសចិនបានអះអាងថា មនុស្សជិត ១លាននាក់ហើយ ទទួលបានការចាក់វ៉ាក់សាំង COVID-19 ដែលត្រូវបានអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថចិន សាយណូផាម (Sinopharm) តាមរយៈកម្មវិធីប្រើប្រាស់បន្ទាន់របស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រទេសចិនបានចាប់ផ្តើមបើក កម្មវិធីប្រើប្រាស់វ៉ាក់សាំងបន្ទាន់ ចាប់តាំងពីខែកក្កដាមកម្ល៉េះ ដែលរហូតមកទល់ពេលនេះ មានបេក្ខភាពវ៉ាក់សាំងចំនួន ០៣ហើយ ទុកសម្រាប់ផ្ដល់ការចាក់ដល់បុគ្គលិកសំខាន់ៗ និងក្រុមមនុស្សដែលត្រូវបានកំណត់ដទៃទៀត បើទោះបីជាវ៉ាក់សាំងទាំងនោះ មិនទាន់បញ្ចប់ការធ្វើតេស្ត ដើម្បីបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាក៏ដោយ។
ក្រុមហ៊ុនផលិតឱសថចិន Sinopharm បានអះអាងនៅក្នុងអត្ថបទមួយ នៅលើបណ្តាញទំនាក់ទំនងសង្គម WeChat ដោយបានដកស្រង់សំដីរបស់ប្រធានក្រុមហ៊ុននេះ គឺលោក លីវ ជីងជិន (Liu Jingzhen) ពីបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះថា «មិនមានប្រតិកម្មធ្ងន់ធ្ងរណាមួយ ត្រូវបានរាយការណ៍ ពីអ្នកដែលបានទទួលការចាក់វ៉ាក់សាំង COVID-19 ក្នុងកម្មវិធីប្រើប្រាស់បន្ទាន់នេះទេ»។
គួរបញ្ជាក់ថា ប្រទេសចិនកាលពីអំឡុងខែមិថុនា និងកក្កដា បានទទួលការអនុញ្ញាតពីអង្គការសុខភាពពិភពលោក (WHO) ដើម្បីចាក់វ៉ាក់សាំង COVID-19 ដែលខ្លួនបានអភិវឌ្ឍនោះនៅក្នុងករណីបន្ទាន់ ទៅលើបុគ្គលិកជួរមុខផ្នែកសុខាភិបាល និងមន្ត្រីពាក់ព័ន្ធដទៃៗទៀត ក៏ដូចជាទៅលើក្រុមនិស្សិតចិន ដែលត្រូវទៅបន្តការសិក្សា នៅក្រៅប្រទេសផងដែរ៕