(តេហេរ៉ង់)៖ អ៉ីរ៉ង់នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងវិលមករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយស្វ័យប្រវត្តិ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន លុបចោលទណ្ឌកម្ម ខណៈដែលលោក ដូណាល់ ត្រាំ បានបង្កើនទណ្ឌកម្ម និងសម្ពាធទ្វេដង។ នេះបើតាមការចេញផ្សាយដោយសាព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក បៃដិន ធ្លាប់បានសន្យាថាលោកនឹងវិលត្រឡប់ទៅរកដំណោះស្រាយតាមការទូតជាមួយប្រទេសអ៉ីរ៉ង់វិញ បន្ទាប់ពីរយៈពេល៤ឆ្នាំ ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ប្រឆាំងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។ នៅក្នុងសេចក្តីអត្ថាធិប្បាយ ចេញផ្សាយនៅក្នុងកាសែត Iran Dairy រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក មហាំម៉ាត់ ចាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានលើកឡើងយ៉ាងដូច្នេះថា៖ «អ៉ីរ៉ង់ជាថ្មីម្តងទៀត នឹងបំពេញតាមការប្តេជ្ញាចិត្ត របស់ខ្លួនដោយស្វ័យប្រវត្តិ មិនមានលក្ខខណ្ឌបន្ថែម ឬសូម្បីតែការចរចា»។
លោក Zarif បានពិពណ៌នាលោក បៃដិន ថាជាអ្នកការទូតជើងចាស់ម្នាក់ ដែលលោកស្គាល់អស់រយៈពេល ៣០ឆ្នាំមកហើយ។ រដ្ឋមន្ត្រីរូបនេះបានកត់សម្គាល់ទៀតថា នៅពេលដែល ចូលកាន់ដំណែងជាផ្លូវការ លោក បៃដិន អាចលុបចោទណ្ឌកម្មទាំងអស់តាមរយៈបញ្ជាប្រតិបត្តិចំនួន៣។ ប្រសិនបើរដ្ឋបាលលោក បៃដិន ពិតជាធ្វើដូច្នេះមែន នោះអ៉ីរ៉ង់នឹង វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរភ្លាមៗ។ លោក Zarif ក៏បានបន្ថែមដែរថា ការវិលត្រឡប់មកវិញរបស់ក្រុងវ៉ាស៊ីនតោន ចំពោះកិច្ចព្រមព្រៀងខាងលើអាចរង់ចាំបាន។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រូហានី (Hassan Rouhani) បានហៅរដ្ឋបាលលោក ត្រាំ ថាមិនអាចទុកចិត្តបាន ហើយបានចាត់ទុករដ្ឋបាលលោក បៃដិន ថានឹងអាចនាំមកវិញនូវបរិយាកាស ដូចកាលពីឆ្នាំ ២០១៥ នៅពេលដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ត្រូវបានបង្កើតឡើង ដោយអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា និងលោក បៃដិន ជាអនុប្រធានាធិបតី។ កិច្ចព្រមព្រៀងនោះ បានបន្ធូរបន្ថយទីក្រុងតេហេរ៉ង់ ពីទណ្ឌកម្មអន្តរជាតិ ជាថ្នូរនឹងការធានាដែលបញ្ជាក់ដោយអង្គការសហប្រជាជាតិ (UN) ថាកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ មិនមានគោលដៅយោធានោះឡើយ៕