(តៃប៉ិ)៖ លោកឧត្តមនាវីឯក ម៉ៃខឺល ស្តាដមែន (Michael Studeman) នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដោយសម្ងាត់ ហើយវាត្រូវបានចាត់ទុកថា ជាទស្សនកិច្ចដ៏កម្របំផុត នៃមន្ត្រីជាន់ខ្ពស់កងទ័ពអាមេរិក ដែលនឹងបង្កឲ្យចិនកាន់តែថ្កោលទោស។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមវែបសាយនៃកងទ័ពជើងទឹកអាមេរិក លោកឧត្តមនាវីឯក ម៉ៃខឺល ស្តាដមែន គឺជាប្រធានគ្រប់គ្រងការិយាល័យ J2 ដែលមានតួនាទីស៊ើបការណ៍សម្ងាត់ ឲ្យទីបញ្ជាការយោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ព័ត៌មានអំពីទស្សនកិច្ចនេះ ត្រូវបានបង្ហើបដោយមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ។
ក្រោយអ្នកសារព័ត៌មានសាកសួរទៅកាន់ មន្ទីរបញ្ចកោណរបស់អាមេរិក និងក្រសួងការពារជាតិតៃវ៉ាន់ ទាំងពីរស្ថាប័ននេះសុទ្ធតែបានបដិសេធ ដោយសុំមិនធ្វើការអត្ថាធិប្បាយ ជុំវិញបញ្ហានេះឡើយ។ ដោយឡែកក្រសួងការបរទេសតៃវ៉ាន់់វិញ បានត្រឹមបង្ហើបថា មន្ត្រីអាមេរិកបានមកដល់កោះតៃវ៉ាន់មែន ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា ជាមន្ត្រីថ្នាក់អ្វី និងមកដើម្បីអ្វីនោះឡើយ ព្រោះទស្សនកិច្ចលើកនេះ មិនត្រូវបានប្រកាសជាសាធារណៈឡើយ។
គួរបញ្ជាក់ថា ដំណើរទស្សនទាំងកិច្ចផ្លូវការ និងមិនផ្លូវការរបស់មន្ត្រីអាមេរិក មកកាន់កោះតៃវ៉ាន់ តែងតែត្រូវបានប្រទេសចិនចាត់ទុកថា ជាការរំលោភបំពានគោលនយោបាយចិនតែមួយ ដែលបានចែងថា កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ ស្របទៅតាមច្បាប់អន្តរជាតិ។ ដោយឡែកប្រសិនបើការធ្វើទស្សនកិច្ច របស់មន្ត្រីអាមេរិកខាងលើនេះ ត្រូវបានប្រកាសចេញជាផ្លូវការ នោះវានឹងកាន់តែបង្ហាញ អំពីការបង្កើនចំណងទាក់ទងបើកចំហ រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដែលប្រាកដណាស់ថា នឹងធ្វើឲ្យចិនឆ្លើយតបវិញខ្លាំងៗ៕