(ប៊ែរឡាំ)៖ អ្នកនយោបាយជាន់ខ្ពស់ជាច្រើនរូប នៅក្នុងប្រទេសអាល្លឺម៉ង់ បានអំពាវនាវឲ្យរដ្ឋាភិបាល អូសបន្លាយពេលបិទប្រទេសឲ្យដល់ថ្ងៃទី២០ ខែធ្នូ ដើម្បីបង្កើនការទប់ស្កាត់ COVID-19 ដែលមិនទាន់មានសញ្ញាថា ធូរស្រាលនៅឡើយ និងបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ទ្វីបអឺរ៉ុបទាំងមូលអាចនឹងប្រឈមមុខ «រលកទី៣» នៃការឆ្លងជំងឺនេះ នៅដើមឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រទេសអាល្លឺម៉ង់បានចាប់ផ្តើមវិធានការបិទទ្វារឡើងវិញ ដើម្បីទប់ស្កាត់រលកទី ២ នៃ COVID-19 ដែលបោកបក់តំបន់អឺរ៉ុប តាំងតែពីថ្ងៃទី០២ ខែវិច្ឆិកា មកម្ល៉េះ ដោយវាមានរយៈពេលកំណត់មួយខែ ប៉ុន្តែដោយសារតែប៉ុន្មានសប្តាហ៍មកនេះ សន្ទុះនៃការឆ្លងហាក់ដូចជាមិនបានថមថយ ទើបក្រុមអ្នកនយោបាយ និងអ្នកជំនាញនានា កំពុងជំរុញឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ គិតគូរអំពីការអូសបន្លាយថេរវេលាបិទប្រទេស បន្ថែមឲ្យដល់ថ្ងៃទី២០ ខែធ្នូតែម្តង។
គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា (ពេលវេលានៅអាល្លឺម៉ង់) ប្រទេសធំជាងគេនៅទ្វីបអឺរ៉ុបមួយនេះ មានករណីឆ្លង COVID-19 សរុបជាង ៩៣២,០០០ករណី ក្នុងនោះស្លាប់ ១៤,៣៤៣នាក់ និងជាសះស្បើយវិញ ៦០៣,៨០០នាក់។ ជុំវិញបញ្ហាខាងលើនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក អូឡាហ្វ ស្កូលស៍ (Olaf Scholz) បានបង្ហើបឲ្យដឹងថា ប្រទេសអាល្លឺម៉ង់អាចនឹងសម្រេចថា នឹងអូសបន្លាយពេលបិទប្រទេសទៅមុន ឬមួយក៏អត់នោះ បន្ទាប់ពីដំណាច់ខែវិច្ឆិកានេះ៕