(ឡុងដ៍)៖ សារព័ត៌មានអង់គ្លេស Telegraph បានរាយការណ៍ថា ចក្រភពអង់គ្លេសអាចនឹងផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ ចំពោះវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ គឺ Pfizer និង BioNTech ក្នុងសប្តាហ៍នេះ ដែលអាចលឿនជាងសហរដ្ឋអាមេរិកទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ដោយផ្អែកលើប្រភពពីរដ្ឋាភិបាលអង់គ្លេស សារព័ត៌មាន Telegraph បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលអង់គ្លេស កំពុងត្រៀមចាប់ផ្តើមដំណើរការវាយតម្លៃជាផ្លូវការ ទៅលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ហើយទីភ្នាក់ងារសុខាភិបាលជាតិអង់គ្លេស ត្រូវបានបង្គាប់ឲ្យត្រៀមខ្លួន ចាត់ចែងវ៉ាក់សាំងនោះនៅថ្ងៃទី០១ ខែធ្នូ ឆាប់ៗខាងមុខនេះតែម្តង។
ក្រសួងសុខាភិបាលអង់គ្លេស មិនបានផ្តល់ការអត្ថាធិប្បាយអ្វីឡើយ ជុំវិញសេចក្តីរាយការណ៍ខាងលើ និងចំពោះសំនួរថា តើការប្រើវ៉ាក់សាំង COVID-19 ជាលើកដំបូង នឹងអាចប្រព្រឹត្តទៅនៅពេលណានោះ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន អាជ្ញាធរចំណីអាហារ និងឱសថអាមេរិក បានប្រកាសថា ខ្លួននឹងជួបប្រជុំនៅថ្ងៃទី១០ ខែធ្នូ ដើម្បីពិភាក្សាអំពីការផ្តល់ការអនុញ្ញាត ឲ្យប្រើប្រាស់នៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ក្នុងករណីបន្ទាន់។
គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅ រដ្ឋាភិបាលចក្រភពអង់គ្លេស បានស្នើជាផ្លូវការឲ្យនិយតករផ្នែកសុខាភិបាលរបស់ខ្លួន គឺទីភ្នាក់ងារ MHRA រៀបចំការវាយតម្លៃលើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech។ ចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងរបស់ Pfizer-BioNTech ចំនួន ៤០លានដូស ហើយរំពឹងថានឹងមាន ១០លានដូសនៅក្នុងដៃ ដែលគ្រប់គ្រាន់សម្រាប់ការពារប្រជាជន ៥លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ប្រសិនបើវាត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ នៅក្នុងករណីបន្ទាន់៕