(វីលមីងតុន)៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះបានទទូចឲ្យពលរដ្ឋអាមេរិកាំង ចាត់វិធានការបន្ថែមដើម្បីរក្សាសុវត្ថិភាព ខណៈដែលករណីឆ្លងជំងឺ COVID-19 នៅតែបន្តកើនឡើង មុនថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Thanksgiving ហើយលោកក៏បានសន្យាថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាអាទិភាពកំពូល នៅពេលដែលលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក បៃដិន បានបង្ហាញក្តីជឿជាក់ថា អ្នកទាំងអស់គ្នាគួរទទួលបានព័ត៌មានពីប្រធានាធិបតី... យើងត្រូវតែកាត់បន្ថយចំនួនករណីឆ្លងនៃវីរុសនេះ... យើងជំពាក់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា បុគ្គលិកជួរមុខ ជាពិសេសពលរដ្ឋអាមេរិកាំងទាំងអស់គ្នា។ លោក បៃដិន ក៏បានជំរុញឲ្យពលរដ្ឋទាំងអស់គ្នា លះបង់ការជួបជុំក្រុមគ្រួសារទ្រង់ទ្រាយធំ, បន្តពាក់ម៉ាស់ការពារ និងរក្សាគម្លាតសុវត្តិភាពឲ្យបានជាប់ជានិច្ច។ លោក បៃដិន ក៏បានទទួលស្គាល់ថា ពលរដ្ឋអាមេរិកាំងកំពុងមានអារម្មណ៍នឿយហត់ នៅក្នុងការប្រយុទ្ធនឹងជំងឺ COVID-19 ប៉ុន្តែលោកជឿជាក់ថា យើងនឹងអាចយកឈ្នះវីរុសដ៏កាចសាហាវនេះ ហើយនៅទីបំផុតជីវិតនឹងវិលទៅរកសភាពធម្មតាវិញ។
គួរបញ្ជាក់ថា ចាប់តាំងពីទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា លោក បៃដិន បានថ្លែងទៅកាន់ប្រជាជាតិទាំងមូលអំពីការព្យាបាល និងផ្សះផ្សាជាតិអាមេរិកឡើងវិញ ក្រោយអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ បើទោះបីជាប្រធានាធិបតីរូបនេះ នៅតែបន្តបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៅតាមរដ្ឋមួយចំនួនក៏ដោយ។
ដោយឡែកមន្ត្រីសុខាភិបាលសាធារណៈអាមេរិក បានជំរុញឲ្យពលរដ្ឋអាមេរិកាំងស្នាក់នៅផ្ទះ កំឡុងពេលថ្ងៃឈប់សម្រាកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយត្រូវជៀសវាងការជួបជុំធំៗ ដោយសារតែហានិភ័យនៃការចម្លង។ ទោះបីជាមានការព្រមានក៏ដោយ ពលរដ្ឋអាមេរិកាំងរាប់លាននាក់ បានប្រមូលផ្ដុំគ្នានៅតាមអាកាសយានដ្ឋាននានា និងនៅលើផ្លូវហាយវេយ៍ បានក្លាយជាការដំណើរដ៏មមាញឹកបំផុត ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិកនៅក្នុងខែមីនា៕