(បាងកក)៖ ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន១,២០១នាក់ ជាលើកដំបូងនៅក្នុងខែតុលា គិតចាប់តាំងពីបម្រាមមិនឲ្យមានទេសចរចូលប្រទេសអាស៊ានមួយនេះ កាលពីខែមេសាកន្លងមក ក្នុងគោលបំណងទប់ស្កាត់ជំងឺឆ្លងរាតត្បាតសកល (COVID-19) ស្របពេលប្រទេសនេះ កំពុងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរបរទេសបន្តិចម្តងៗឡើងវិញ ដើម្បីជួយស្ដារសេដ្ឋកិច្ចរបស់ខ្លួន ដែលមានការពឹងផ្អែកជាខ្លាំងលើវិស័យទេសចរណ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ភ្ញៀវទេសចរបរទេសចំនួន១,២០១នាក់ដែលបានកត់ត្រានៅក្នុងខែតុលា ឆ្នាំ២០២០នេះ គឺជាចំនួនដ៏តិចតួចបំផុតមួយ បើធៀបនឹងចំនួន ភ្ញៀវទេសចរបរទេសដល់ទៅ៣.០៧លាននាក់ ដែលបានមកដល់ប្រទេសថៃ ក្នុងខែតុលា ឆ្នាំ២០១៩ មុនពេលជំងឺ COVID-19 ផ្ទុះឡើង។ ទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃ បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសដែលមកដល់ចុងក្រោយបំផុត រួមមាន៤៧១នាក់មកពីចិន, ២៣១នាក់មកពីកម្ពុជា, ១៧៨នាក់មកពីបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និង១១៦នាក់មកពីបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប។
ពួកគេទាំងអស់ខាងលើ បានធ្វើដំណើរកាន់ទិដ្ឋាការពិសេសរយៈពេល៩០ថ្ងៃ ដែលតម្រូវឲ្យមានការធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍។ វិធានការរឹតត្បិតការចូលប្រទេសរបស់ថៃ បានជួយប្រទេសនេះរក្សាករណីឆ្លងសរុបនៃជំងឺ COVID-19 ឲ្យមានតិចជាង៤,០០០ករណី។
ទន្ទឹមនឹងនេះ ថៃគ្រោងនឹងចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយប្រទេសចិនស្តីពីគម្រោងបើកការធ្វើដំណើរឆ្លងព្រំដែនរវាងប្រទេសទាំងពីរ (travel bubble) ដើម្បីស្តារសេដ្ឋកិច្ចដែលរដ្ឋាភិបាលថៃបានព្យាករណ៍ថា នឹងធ្លាក់ចុះ៦ភាគរយនៅឆ្នាំនេះ។ ប៉ុន្តែថៃពុំទាន់បានយល់ស្រប លើការរៀបចំនេះឡើយ ហើយផែនការពីមុនៗមកធ្លាប់ត្រូវបានបោះបង់ចោល កាលពីខែសីហាកន្លងទៅ បន្ទាប់ពីមានការកើនឡើងនូវករណីឆ្លង COVID-19 នៅតំបន់អាស៉ី។
គួរបញ្ជាក់ថា ក្នុងចន្លោះពីខែមករា ដល់ខែតុលា ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរបរទេសនៅក្នុងប្រទេសថៃ បានធ្លាក់ចុះរហូតដល់ ៧៩.៥ភាគរយ គឺថយមកនៅត្រឹម៦.៦៩លាននាក់។ បើតាមការព្យាករណ៍របស់ទីភ្នាក់ងាររៀបចំផែនការរបស់រដ្ឋាភិបាលថៃ ក្នុងឆ្នាំនេះនឹងមានភ្ញៀវទេសចរបរទេសចំនួន៦.៧លាននាក់ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០១៩ គឺមានភ្ញៀវទេសចរបរទេសដល់ទៅចំនួន ៣៩.៩លាននាក់ ដែលបានចំណាយប្រាក់ចំនួន៦៣ពាន់លានដុល្លារអាមេរិក ឬប្រហែលនឹង ១១.៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ៕