(ម៉ូស្គូ)៖ មជ្ឈមណ្ឌលឆ្លើយតបជំងឺរាតត្បាតសកល COVID-19 នៃប្រទេសរុស្សី នៅថ្ងៃប្រហស្បតិ៍នេះ បានកត់ត្រានូវករណីឆ្លងថ្មីៗជាង ២៥,៤៨៧នាក់បន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ ប្រការនេះបាននាំឲ្យករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងលើស ២,១៨៧,៩៩០ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃប្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៥២៤នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៣៨,០៦២នាក់។ ចំណែកឯអ្នកជាសះស្បើយវិញ មានចំនួនសរុប ១,៦៨៥,៤៩២នាក់ ក្រោយពីអ្នកជំងឺចំនួន ២៥,០៧៣នាក់ទៀតបានជាសះស្បើយឡើងវិញ។
បើតាមមជ្ឈមណ្ឌលឆ្លើយតប COVID-19 នៃប្រទេសរុស្សី ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗខាងលើ មាន ៦,០៧៥ករណីត្រូវបានរាយការណ៍ចេញពីទីក្រុងម៉ូស្គូ ដែលបាននាំឲ្យករណីឆ្លងសរុប នៅក្នុងរដ្ឋធានីមួយនេះកើនដល់ ៥៧៧,១៧៧ករណី៕