(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានប្រកាសចេញនូវបម្រាម ហាមឃាត់មិនឲ្យមានពិធីជប់លៀងឆ្លងឆ្នាំ ក៏ដូចជាការប្រគុំតន្ត្រីមួយចំនួន និងបាននិយាយថាសូណាសាធារណៈនិងហាងកាហ្វេមួយចំនួនក៏ត្រូវតែបិទផងដែរ បន្ទាប់ពីករណីឆ្លង COVID-19 បានកើនឡើងវិញ ក្នុងអត្រាខ្ពស់បំផុត ចាប់តាំងពីថ្ងៃដំបូងនៃការរាតត្បាតជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Nikkie Asia នៅយប់ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានគេចាត់ទុកថាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលទទួលបានជោគជ័យក្នុងការកាត់បន្ថយការឆ្លងរាតត្បាតជំងឺ COVID-19។ ប៉ុន្តែការកើនឡើងនៃករណីឆ្លងថ្មីៗនាពេលបច្ចុប្បន្ន បានធ្វើឲ្យមានការព្រួយបារម្ភ ក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីមួយនេះ។
ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េខាងត្បូង បាននិយាយថា អាជ្ញាធរបានរាយការណ៍ពីការឆ្លងថ្មីៗចំនួន ៤៥០នាក់ទៀតនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃច្រើនជាង ៥០០ករណី ក្នុងរយៈពេល ០៣ថ្ងៃជាប់គ្នាមកហើយ។
នាយករដ្ឋមន្រ្តី លោក Chung Sye-kyun បាននិយាយថា វិធានការរឹតបន្តឹងនឹងត្រូវរឹតត្បិតលើការប្រមូលផ្តុំគ្នា និងសកម្មភាពទាំងឡាយដែលត្រូវបានគេមើលឃើញថា មានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលជំងឺ COVID-19 ជាពិសេសនៅក្នុងរដ្ឋធានីសេអ៊ូល និងនៅតំបន់ជុំវិញ។
បន្ទាប់ពីកិច្ចប្រជុំជាមួយមន្រ្តីសុខាភិបាល លោក Chung Sye-kyun បានប្រាប់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា«ព្រឹត្តិការណ៍ចុងឆ្នាំ ក៏ដូចជាពិធីជប់លៀងនានា ដែលរៀបចំឡើងដោយសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងស្នាក់នៅផ្សេងទៀត នឹងត្រូវហាមឃាត់យ៉ាងតឹងរ៉ឹង»។
គួរបញ្ជាក់ថា បើយោងតាមគេហទំព័រ Worldmeter បច្ចុប្បន្នកូរ៉េខាងត្បូងមានករណីឆ្លងសរុប ៣៣,៨២៤ករណី ក្នុងនោះស្លាប់ ៥២៣នាក់ និងជាសះស្បើយ ២៧,៥៤២នាក់៕