(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីឡើងវិញថា លោកនឹងមិនសារភាពព្រមចុះចាញ់លោក ចូ បៃដិន ឡើយហើយក៏នឹងមិនផ្លាស់ប្ដូរគោលជំហរដែលថា ការបោះឆ្នោតត្រូវបានលួចបន្លំនោះដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានលើកឡើងដូចខាងលើនេះ នៅក្នុងកិច្ចសម្ភាសន៍រយៈពេល ៤៥នាទី កាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) ជាមួយទូរទស្សន៍ Fox News ជាលើកដំបូងបំផុត ចាប់តាំងពីលោកទទួលបរាជ័យ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅមក។ លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «វាប្រហែលជាអ្នក មិនអាចកែប្រែចិត្តគំនិតខ្ញុំបានឡើយ។ ចិត្តគំនិតរបស់ខ្ញុំនឹងមិនផ្លាស់ប្ដូរក្នុងរយៈពេល ០៦ខែខាងមុខនេះនោះទេ។ ការបោះឆ្នោតនេះត្រូវបានលួចបន្លំ។ ការបោះឆ្នោត នេះគឺពោរពេញដោយការលួចបន្លំ។ យើងទេគឺជាអ្នកទទួលបានជ័យជម្នះ យ៉ាងងាយស្រួល»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា លោកនឹងដើរចេញពីសេតវិមាន ប្រសិនបើជ័យជម្នះលោក ចូ បៃដិន ត្រូវបានទទួលស្គាល់ដោយអង្គបោះឆ្នោត (electoral college vote)។ ប៉ុន្តែលោកមិនបាននិយាយថា នឹងសារភាពចុះចាញ់លោក បៃដិន នោះទេ។ លោក បៃដិន ទទួលបានអង្គបោះឆ្នោត ៣០៦រូប ខណៈលោក ត្រាំ ទទួលបានអង្គបោះឆ្នោត ២៣២រូប នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីក្រុមយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់លោក ត្រាំ ចាញ់នៅក្នុងការតវ៉ា លើលទ្ធផលបោះឆ្នោតជាបន្តបន្ទាប់។
បើតាមប្រព័ន្ធបោះឆ្នោតអាមេរិក អង្គបោះឆ្នោតទាំងនេះសរុប ៥៣៨រូប នឹងត្រូវជួបជុំគ្នានៅតាមទីក្រុងនីមួយៗប្រចាំរដ្ឋរបស់ពួកគេ នៅថ្ងៃទី១៤ ខែធ្នូខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទី ៤៦ ជាផ្លូវការ ដោយបេក្ខជនប្រធានាធិបតីម្នាក់ ត្រូវប្រមូលសំឡេងគំាទ្រឱ្យបាន ២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតទាំង ៥៣៨រូប។ តែដោយសារតែលោក បៃដិន មានអង្គបោះឆ្នោត ៣០៦រូបស្រាប់នៅក្នុងដៃ គេរំពឹងខ្ពស់ថា លោក បៃដិន នឹងក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិថ្មីនេះ ហើយលោកនឹងត្រូវស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕