(អូទ្រីស)៖ សារព័ត៌មានអូទ្រីស បានរាយការណ៍ឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិអូទ្រីស លោកស្រី ក្លូឌា ថេនណឺ (Klaudia Tanner) បានធ្វើតេស្តឃើញចេញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19 កាលពីចុងសប្ដាហ៍មុន។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមសារព័ត៌មានអូទ្រីស បច្ចុប្បន្នលោកស្រី Klaudia Tanner មានសុខភាពល្អជាធម្មតាទេ និងបានធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកាមកម្ល៉េះ ព្រមទាំងកំពុងបំពេញកិច្ចការងារពីចម្ងាយផងដែរ។
លោកស្រី Klaudia Tanner គឺជារដ្ឋមន្រ្តីទី២ហើយ របស់ប្រទេសអូទ្រីស ដែលបានឆ្លងវីរុសកូរ៉ូណា (COVID-19) បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសនៃប្រទេសអឺរ៉ុបមួយនេះ គឺលោក អាឡិចហ្សានដឺ ស្កាលឡិនប៊ឺក (Alexander Schallenberg) បានរកឃើញថា បានឆ្លងវីរុសនេះកាលពីពាក់កណ្តាលខែតុលា។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសអូទ្រីសបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៤,០៤៧ករណី ដែលធ្វើឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ២៧៩,៧០៨ករណី ក្នុងនោះមានអ្នកស្លាប់ ៣,១០៥នាក់ និងជាសះស្បើយវិញ ២១៦,៩៩៨នាក់៕