(វីលមីងតុន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន នឹងតែងតាំងមន្ត្រីជាន់ខ្ពស់ក្នុងក្រុមការងារទំនាក់ទំនង ប្រចាំសេតវិមានរបស់លោក «ជាស្ត្រីទាំងអស់» ហើយក្រុមការងារនេះនឹងស្ថិតនៅក្រោម ការដឹកនាំរបស់លោកស្រី ខេត បេឌីងហ្វៀល (Kate Bedingfield)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកស្រី Kate Bedingfield ដែលជាប្រធានទំនាក់ទំនង នៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ចូ បៃដិន នឹងត្រូវបម្រើការជា នាយកទំនាក់ទំនងសេតវិមានរបស់លោក បៃដិន រីឯលោកស្រី ចេន ផ្សាគី (Jen Psaki) ជាអ្នកនាំពាក្យដ៏យូរអង្វែងម្នាក់ មកពីគណបក្សប្រជាធិបតេយ្យ នឹងត្រូវធ្វើការតែងតាំងជា អ្នកនាំពាក្យសេតវិមាន។ មិនតែប៉ុណ្ណោះ លោក បៃដិន ក៏មានបំណងតែងតាំងនាយកប្រតិបត្តិ (CEO) វិទ្យាស្ថានសិក្សាស្រាវជ្រាវ CAP (Center for American Progress) លោកស្រី នីរ៉ា ថេនដិន (Neera Tanden) ជានាយកគ្រប់គ្រងការិយាល័យ និងកញ្ចប់ថវិកាផងដែរ។
គួរបញ្ជាក់ថា ស្ត្រីទាំង ០៣រូបខាងលើនេះ សុទ្ធតែមន្ត្រីជើងចាស់ ធ្លាប់បម្រើការងារឲ្យរដ្ឋបាលអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។ លោកស្រី Bedingfield ធ្លាប់បម្រើការ ជានាយកទំនាក់ទំនងរបស់លោក បៃដិន កាលលោកនៅជាអនុប្រធានាធិបតី ហើយលោកស្រី Psaki ជានាយកទំនាក់ទំនងសេតវិមាន និងជាអ្នកនាំពាក្យម្នាក់ នៃក្រសួងការបរទេស រីឯលោកស្រី Tanden ធ្លាប់ជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់ របស់អតីតរដ្ឋមន្ត្រីសុខាភិបាល និងសេវាមនុស្សលោកស្រី ខាសលីន សេបេលីស (Kathleen Sebelius)៕