(វ៉ាស៊ីនតោន)៖ កូនស្រី និងជាទីប្រឹក្សារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ អ្នកនាង អ៉ីវ៉ាន់កា ត្រាំ (Ivanka Trump) ត្រូវបានសាកសួរនៅសប្តាហ៍នេះ ដែលជាផ្នែកមួយនៃបណ្តឹងរដ្ឋប្បវេណី ក្រោមការចោទប្រកាន់ជុំវិញការប្រើប្រាស់មូលនិធិ ដោយមិនមានតម្លាភាព អំឡុងពេលលោក ត្រាំ ស្បថចូលកាន់តំណែងកាលពីជិត ០៤ឆ្នាំមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។
ការិយាល័យមេធាវីប្រចាំសង្កាត់ DC ដឹកនាំដោយលោក ខាល រេស៊ីន (Karl Racine) បានបង្ហាញឯកសារនៅក្នុងតុលាការ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នៅក្នុងពាក្យបណ្តឹងកាលពីខែមករា ឆ្នាំ២០២០ លោក Racine បានអះអាងថា ក្រុមហ៊ុនអចលនទ្រព្យរបស់លោក ដូណាល់ ត្រាំ និងអង្គភាពផ្សេងៗទៀត បានប្រើប្រាស់មូលនិធិមិនរកប្រាក់ចំណេញ ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់គ្រួសារលោក ត្រាំ។
យោងតាមពាក្យបណ្តឹង អង្គភាពមិនរកប្រាក់ចំណេញបានទូរស័ព្ទ ទៅគណៈកម្មាធិការរៀបចំពិធីស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី ៤៥ បានគប់គិតជាមួយក្រុមគ្រួសារលោក ត្រាំ ដើម្បីចំណាយប្រាក់លើសចំនួនសរុប ទៅលើទីកន្លែងរៀបចំព្រឹត្តិការណ៍នៅក្នុងសណ្ឋាគារ ត្រាំ-អន្តរជាតិ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
បណ្តឹងរបស់លោក Racine ខាងលើនេះបានចោទប្រកាន់ទៀតថា ក្នុងករណីមួយអង្គភាពមិនរកប្រាក់ចំណេញ បានចំណាយប្រាក់ច្រើនជាង ៣០ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីទទួលភ្ញៀវឯកជន នៅក្នុងសណ្ឋាគាររបស់លោក ត្រាំ សម្រាប់កូនច្បងទាំង ៣ របស់លោកប្រធានាធិបតីរួមមាន លោក Donald Trump Jr, អ្នកនាង Ivanka និងលោក Eric កាលពីថ្ងៃទី២០ ខែមករាឆ្នាំ ២០១៧ កន្លងទៅ។
លោក Racine ធ្លាប់បាននិយាយកាលពីដើមឆ្នាំនេះថា ច្បាប់របស់សង្កាត់ DC តម្រូវឲ្យអង្គភាពមិនរកប្រាក់ចំណេញទាំងអស់ ប្រើប្រាស់មូលនិធិរបស់ពួកគេ ក្នុងគោលបំណងសាធារណៈ មិនមែនផ្តល់ផលប្រយោជន៍ដល់បុគ្គល ឬក្រុមហ៊ុនឯកជននោះឡើយ។ បណ្តឹងរបស់លោក Racine ព្យាយាមស្វែងរកប្រាក់ចំនួន ១លានដុល្លារអាមេរិកដែលសង្ស័យថា ត្រូវបានបង្កកឲ្យក្រុមហ៊ុន គ្រប់គ្រងដោយគ្រួសារលោក ត្រាំ។ នៅជុំវិញបញ្ហានេះ អ្នកនាំពាក្យសេតវិមានមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែគណៈកម្មាធិការរៀបចំ ពិធីចូលកាន់តំណែងរបស់លោក ត្រាំ នៅតែអះអាងថា ហិរញ្ញវត្ថុរបស់ខ្លួនត្រូវបានធ្វើសវនកម្មដោយឯករាជ្យ ហើយប្រាក់ទាំងអស់ត្រូវបានចំណាយស្របច្បាប់។
គួរបញ្ជាក់ថា បើយោងតាមឯកសាររបស់គណៈកម្មការ រៀបចំការបោះឆ្នោតសហព័ន្ធបានបង្ហាញថា ទឹកប្រាក់សរុបចំនួន ១០៧លានដុល្លារអាមេរិកត្រូវបានប្រមូល ដោយគណៈកម្មាធិការរៀបចំ ពិធីចូលកាន់តំណែងរបស់លោក ត្រាំ ដែលដឹកនាំដោយអ្នកអភិវឌ្ឍអចលនទ្រព្យ និងវិនិយោគិនលោក ថូម៉ាស់ បារ៉ាក់ (Thomas Barrack) គឺជាចំនួនដ៏ច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រ៕