(វ៉ាស៊ីនតោន)៖ រថយន្ត និងយន្ដហោះដឹកទំនិញជាច្រើនគ្រឿង ត្រូវបានត្រៀមរួចជាស្រេច ដើម្បីដំណើរការដឹកជញ្ជូន និងចែកចាយវ៉ាក់សាំងប្រឆាំង COVID-19 រាប់លានដូស នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។
ដោយសារតែមានការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech និង Moderna នៅក្នុងករណីបន្ទាន់ សហរដ្ឋអាមេរិកទំនងជាចាប់ផ្ដើមដំណើរការ ចែកចាយវ៉ាក់សាំងទាំងនោះ បន្ទាប់ពីថ្ងៃទី១០-១៧ ខែធ្នូខាងមុខនេះ។ គោលដៅនៃដំណើរការដឹកជញ្ជូន និងចែកចាយខាងលើនេះ គឺធ្វើយ៉ាងណាដើម្បីចែកចាយវ៉ាក់សាំងប្រឆាំង COVID-19 ជាច្រើនលានដូសរបស់ក្រុមហ៊ុន Pfizer ក្នុងរយៈពេល ២៤ម៉ោង ទៅដល់គ្រប់មន្ទីរពេទ្យ និងកន្លែងផ្សេងទៀតដែលបានបញ្ជាទិញ។
មន្រ្តីរដ្ឋបាលជាន់ខ្ពស់អាមេរិកបានគូសបញ្ជាក់ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា ក្នុងចំណោមវ៉ាក់សាំងប្រឆាំង COVID-19 ទាំង ៦.៤លានដូសដំបូង ពាក់កណ្ដាលនឹងត្រូវចែកចាយភ្លាមៗ ហើយដោយឡែកពាក់កណ្តាលទៀតនឹងត្រូវបម្រុងទុក សម្រាប់ការចាក់វ៉ាក់សាំងលើកទី ២ នៅបីសប្តាហ៍បន្ទាប់។
ជាមួយគ្នានេះដែរ វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុន Pfizer កំពុងស្តុកទុកនៅក្នុងរោងចក្រមួយនៅទីក្រុង កាឡាម៉ាហ្ស៊ូ (Kalamazoo) នៃរដ្ឋមីឈីហ្គែន (Michigan) ដោយរថយន្តដឹកទំនិញ ចំនួន ០៦គ្រឿង នឹងដឹកជញ្ជូនវ៉ាក់សាំងប្រឆាំង COVID-19 ចេញពីរោងចក្រជារៀងរាល់ថ្ងៃ។ រថយន្តដឹកទំនិញមួយគ្រឿង អាចមានសមត្ថភាពផ្ទុកនូវវ៉ាក់សាំងប្រមាណ ១,០០០ដូស ជាមួយនឹងទឹកកកស្ងួតគ្រប់គ្រាន់ ដើម្បីរក្សាវានៅសីតុណ្ហភាពនៅត្រឹម -៧០អង្សាសេ ទើបអាចរក្សាប្រសិទ្ធភាពវ៉ាក់សាំងទាំងនេះបាន។
បន្ទាប់មកទៀត រថយន្តដឹកទំនិញទាំងនោះ នឹងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ដែលក្រុមហ៊ុនដឹកជញ្ជូន FedEx, UPS និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀតរបស់អាមេរិក អាចដឹកជញ្ជូនវ៉ាក់សាំងប្រឆាំង COVID-19 ទាំងនោះឆ្លងប្រទេសបាន។ ក្រុមហ៊ុន Pfizer បានប៉ាន់ស្មានថា យន្តហោះដឹកទំនិញចំនួន ២០គ្រឿង នឹងអាចដឹកជញ្ជូនវ៉ាក់សាំងទាំងនោះជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 ចំនួន ១៥,៣៦៩,០៤៦ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ២៩០,៤៤៣នាក់ និងជាសះស្បើយចំនួន ៨,៩៨២,២៤៦នាក់៕