(ហ្សឺណែវ)៖ ប្រធានផ្នែកប្រតិបត្តិការរបស់ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន កំពុងមើលឃើញការដំឡើងតម្លៃថ្លៃហួសប្រមាណ នៅក្នុងការដឹងជញ្ជូនទឹកកកស្ងួត និងឧបករណ៍វេជ្ជសាស្រ្តផ្សេងៗទៀត តាមជើងហោះហើរលក្ខណៈបន្ទាន់ នៅមុនថ្ងៃឈប់សម្រាក។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
ប្រធានផ្នែកគាំទ្រប្រតិបត្តិការរបស់ WHO លោក ផូល ម៉ូលីណារ៉ូ (Paul Molinaro) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា ដំណើរការដឹកជញ្ជូន និងចែកចាយវ៉ាក់សាំង COVID-19 ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមនឹងមានផលពិបាក ដោយសារតែបញ្ហាសេវាកម្មដឹកជញ្ជូន តាមជើងហោះហើរនៅកន្លែងមួយចំនួន ដែលត្រូវពឹងផ្អែកលើយន្តហោះឈ្នួល។
លោក Paul Molinaro បានគូសបញ្ជាក់ប្រាប់បន្ថែមថា អតិផរណានៃតម្លៃ បាននិងកំពុងកើនឡើងយ៉ាងខ្លាំង នៅក្នុងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីខែវិច្ឆិកាមកម្ល៉េះ។ លោក Paul Molinaro បានដកស្រង់អត្រាតម្លៃ ដែលទើបតែទទួលបានពីក្រុមហ៊ុនដឹកទំនិញធំមួយ ដែលមិនបានបញ្ចេញឈ្មោះ ដោយក្រុមហ៊ុននោះ បានដឹកជញ្ជូនទឹកកកស្ងួតពីទីក្រុងដាលឡាស់ (Dallas) នៃរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក ទៅកាន់ប្រទេសសៀរ៉ាឡេអូន (Sierra Leone) ជាមួយតម្លៃ ១០៥ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ដែលវាពិតជាមិនគួរអោយជឿទាល់តែសោះ ព្រោះតម្លៃធម្មតាគឺប្រហែលជា ៤-៦ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមប្រធានផ្នែកគាំទ្រប្រតិបត្តិការរបស់ WHO លោក Paul Molinaro កត្តាមួយចំនួនដែលបានជំរុញឲ្យ តម្លៃសេវាកម្មដឹកជញ្ជូនមានកើនឡើងនោះ គឺរួមមានការប្រកាសចេញនូវទូរស័ព្ទ iphone ជំនាន់ថ្មី និងម៉ាស៊ីនហ្គេម PlayStation ស៊េរីថ្មីផងដែរ ដោយសារតែផលិតផលទាំងនោះ មានតម្រូវការខ្ពស់ ខណៈប្រទេសជាច្រើនបានបង្គាប់ឲ្យមនុស្សស្ថិតនៅផ្ទះ ក្នុងអំឡុងពេលជំងឺ COVID-19 កំពុងឆ្លងរាតត្បាត នៅទូទាំងពិភពលោកនេះ៕