(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានពន្លឿនការសាងសង់មន្ទីរពេទ្យកុងតឺន័រ ដើម្បីជួយសម្រួលបន្ទុកខ្លះនៃមន្ទីរពេទ្យតូច-ធំនានា ព្រោះតែរលកទី ៣ នៃការឆ្លងរាតត្បាត COVID-19 ហាក់ដូចជាមានសន្ទុះរឹតតែខ្លាំងឡើងៗ ដោយអាត្រាឆ្លងប្រចាំថ្ងៃ ត្រូវបានឃើញច្រើនជាង ៦០០ករណី ជាច្រើនថ្ងៃមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។
អស់រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ ចំនួនអ្នកឆ្លង COVID-19 មានរហូតដល់លើស ៦០០នាក់។ ជាក់ស្ដែងកាលពីថ្ងៃពុធម្សិលមិញ អ្នកឆ្លងប្រចាំថ្ងៃ ៦៨៦នាក់ត្រូវបានគេរាយការណ៍ ដែលនេះគឺជាអាត្រាឆ្លងខ្ពស់បំផុតលើកទី ២ ចាប់តាំងពីកូរ៉េខាងត្បូង រកឃើញករណីឆ្លង COVID-19 ដំបូងនៅក្នុងប្រទេស កាលពីខែមករា ដើមឆ្នាំ២០២០។
ប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លងនេះ និងបារម្ភពីបញ្ហាខ្វះខាតគ្រែអ្នកជំងឺ អាជ្ញាធរទីក្រុងសេអ៊ូល បានសម្រេចចិត្តសង់មន្ទីរពេទ្យកុងតឺន័រ បណ្ដោះអាសន្នសម្រាប់អ្នកជំងឺ COVID-19 នៅទីតាំងចំនួន ១៥០កន្លែង។ ការសង់មន្ទីរពេទ្យបែបនេះ គឺជាលើកដំបូងបំផុតគិតចាប់តាំងពី ជំងឺដ៏កាចសាហាវនេះផ្ទុះឡើង ដំបូងក្នុងប្រទេស។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញ COVID-19 ចំនួន ៦៨២ករណីថ្មី ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤០,០៩៨នាក់ ក្នុងនោះស្លាប់ ៥៦៤នាក់ និងជាសះស្បើយឡើងវិញ ៣០,៦៣៧នាក់៕