(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋភែនស៊ីលវេនៀ (Pennsylvania) នៃសហរដ្ឋអាមេរិក លោក ថម វូហ្វ (Tom Wolf) បានប្រកាសឲ្យដឹងថា លោកបានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។
លោក Wolf បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter របស់លោកថា «ខ្ញុំគ្មានរោគសញ្ញាអ្វីទេ ហើយខ្ញុំក៏មានអារម្មណ៍ល្អធម្មតាដែរ... ឥឡូវនេះខ្ញុំកំពុងធ្វើចត្តាឡីស័កនៅផ្ទះ»។
លោក Wolf បានសង្កត់ធ្ងន់លើការធ្វើតេស្តវិជ្ជមានរបស់លោកថា «នេះគឺជាការរំលឹកថា គ្មាននរណាម្នាក់មានភាពស៊ាំនឹងជំងឺ COVID-19 នេះឡើយ។ ដូច្នេះហើយ សូមមហាជនទាំងអស់ ចូលរួមពាក់ម៉ាសការពារទាំងអស់គ្នា នៅពេលចេញទៅខាងក្រៅ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ... តែប្រសិនបើអាចអ្នកទាំងអស់គ្នា គួរតែនៅផ្ទះឱ្យបានច្រើន ជាជាងចេញទៅខាងក្រៅ»។
គួរបញ្ជាក់ថា បើតាមទិន្នន័យពីសកលវិទ្យាល័យ Johns Hopkins រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិក បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសច្រើនជាង ១៥លានករណី ក្នុងនោះមានមនុស្សច្រើនជាង ២៩០,០០០នាក់បានស្លាប់ និងមនុស្សច្រើនជាង ៩លាននាក់ទៀតបានជាសះស្បើយ៕