(សេអ៊ូល)៖ ប្រេសិតពិសេសម្នាក់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាកូរ៉េខាងជើង បានខ្ជះខ្ជាយ និងមិនចេះចាប់យកឱកាស ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលដឹកនាំដោយលោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។
លោក Stephen Biegun ជាអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើការកត់សម្គាល់បែបនេះ កំឡុងបំពេញទស្សនកិច្ចក្នុងទីក្រុងសេអ៊ូល ដើម្បីជួបពិភាក្សាការងារជាមួយ ក្រុមមន្ត្រីសន្តិសុខជាតិកូរ៉េខាងត្បូង។ លោក Biegun ក៏បានបង្ហាញការសោកស្ដាយផងដែរ ចំពោះការជាប់គាំងកិច្ចចារនុយក្លេអ៊ែរជាមួយទីក្រុងព្យុងយ៉ាង និងភាពជឿន លឿនតិចតួចដែលសម្រេចបានក្រោមការខិតខំប្រឹងប្រែងរបស់លោក។ ក៏ប៉ុន្តែ ប្រេសិតពិសេសរូបនេះ នៅតែការពារការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការបង្កើតទំនាក់ ទំនងការទូតកម្រិតខ្ពស់ជាមួយលោក គីម ជុងអ៊ុន ដែលលោកផ្ទាល់យល់ថាបានទប់ស្កាត់មិនឱ្យជម្លោះផ្ទុះឡើង។
គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពីការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក ចូ បៃដិន នៅខែមករា ឆ្នាំ២០២១ខាងមុខនេះ លោក Biegun បាន ផ្ញើសារទៅកាន់ក្រុមការងារលោក បៃដិន ដូច្នេះថា៖ «សង្រ្គាមបានបញ្ចប់, ពេលវេលាសម្រាប់ជម្លោះបានបញ្ចប់ ហើយពេលវេលាសម្រាប់សន្តិភាព បានមកដល់»៕