(តូក្យូ)៖ រដ្ឋបាលទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន៦០២ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងរាជធានីដែលមានប្រជាជនចំនួន១៤លាននាក់នេះ ហើយក៏ជាលើកដំបូងផងដែរដែលតូក្យូ មានករណីឆ្លងលើស៦០០ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។
ក្នុងចំណោមអ្នកឆ្លងចំនួន៦០២នាក់ខាងលើនេះ ១៣៧នាក់ ជាបុគ្គលដែលស្ថិតនៅក្រុមអាយុខ្ទង់៣០ឆ្នាំ និង១៣៥នាក់ទៀត ស្ថិតនៅក្រុមអាយុខ្ទង់២០ឆ្នាំ។ កាលពីថ្ងៃពុធម្សិលមិញ ទីក្រុងតូក្យូបានរាយការណ៍ពីករណីឆ្លងចំនួន៥៨៤នាក់។ ទីក្រុងតូក្យូជាកន្លែង ដែលមានការឆ្លងរាលដាលខ្លាំងជាងគេនៅក្នុងប្រទេសជប៉ុន ដោយឥឡូវនេះ ករណីឆ្លង COVID-19 នៅទូទាំងទីក្រុងបានកើនឡើងដល់ ៤៥,៥២៩ករណីហើយ។
គួរបញ្ជាក់ថា បើគិតនៅទូទាំងប្រទេសជប៉ុនទាំងមូល ក្នុងថ្ងៃព្រហស្បតិ៍នេះ ករណីឆ្លង COVID-19 សរុប២,៨១០ករណី ត្រូវបានរាយការណ៍។ សរុបមកទល់ឥឡូវ ជប៉ុនបានរកឃើញអ្នកឆ្លង COVID-19 ចំនួន១៦៨,៥៣៧នាក់ ក្នុងនោះស្លាប់២,៤៦៥នាក់។ ដោយឡែក រដ្ឋាភិបាលជប៉ុនបានបញ្ជាក់រួចហើយថា ប្រជាជនខ្លួនទាំងអស់ (១២៦លាននាក់) នឹងទទួលបានវ៉ាក់សាំង COVID-19 ដោយមិនគិតថ្លៃអ្វីទាំងអស់៕